
ភ្នំពេញ៖ ប្រទេសបារាំងនឹងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ ថ្ងៃ នៅក្នុងភូមិហ្វ្រង់កូហ្វូនី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងបង្ហាញពីភាពសម្បូរបែបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ពន្លានេះនឹងបើកទទួលសាធារណជនគ្រប់វ័យ ដោយផ្តល់ឱកាសឱ្យអ្នកទស្សនាស្វែងយល់ និងដកបទពិសោធន៍តាមរយៈពិព័រណ៍អន្តរកម្ម បទពិសោធន៍ឌីជីថល និងសកម្មភាពផ្សេងៗ ដែលផ្តោតលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការតាំងពិព័រណ៍នៅក្នុងពន្លាជាតិបារាំងនឹងផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន វប្បធម៌ និងការបង្កើតស្នាដៃសិល្បៈ ភាសាបារាំង និងឱកាសសិក្សា ព្រមទាំងការផ្លាស់ប្ដូរបទពិសោធន៍នៅក្រៅប្រទេស និងវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈល្បែងកម្សាន្ត វីដេអូ ការតាំងពិព័រណ៍ និងធនធានឌីជីថល អ្នកទស្សនានឹងអាចស្វែងយល់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងលើវិស័យជាច្រើន។ សកម្មភាព និងព័ត៌មានទាំងអស់នឹងត្រូវរៀបចំជាភាសាខ្មែរ និងភាសាបារាំង។
ចំណុចពិសេសមួយនៃពន្លានេះ គឺការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមរតកតន្ត្រីខ្មែរ។ អ្នកទស្សនានឹងមានឱកាសសន្ទនាជាមួយរូបតំណាងនិម្មិតរបស់លោក ស៊ីន ស៊ីសាមុត ដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យា AI នៅក្នុងរម៉កដែលតុបតែងជាពិសេស។ តាមរយៈបទពិសោធន៍នេះ អ្នកទស្សនាអាចសួរសំណួរផ្សេងៗទៅកាន់រូបតំណាងនិម្មិតរបស់អធិរាជសំឡេងមាសរបស់កម្ពុជា ពេញមួយរយៈពេលប្រាំថ្ងៃ។
ក្រៅពីពន្លាជាតិបារាំង ប្រទេសបារាំងក៏នឹងរៀបចំព្រឹត្តិការណ៍ឥតគិតថ្លៃប្រមាណ ២០ នៅតាមទីតាំងផ្សេងៗ រួមមាន ភូមិហ្វ្រង់កូហ្វូនី វិទ្យាស្ថានបារាំងនៅកម្ពុជា សាលសន្និសីទចតុមុខ និងមហោស្រព The Last Stage Aquation។
កម្មវិធីទាំងនេះរួមមាន ការប្រគំតន្ត្រី សិក្ខាសាលា សន្និសីទ កិច្ចពិភាក្សា ការច្រៀងខារ៉ាអូខេជាភាសាបារាំង ការសម្តែងល្ខោន និងរបាំ ការបញ្ចាំងភាពយន្ត និងការតាំងពិព័រណ៍ផ្សេងៗ។ ជាមួយគ្នានេះ ក៏មានការដំឡើងកន្លែងផ្តល់ទឹកស្អាតសម្រាប់ពិសា នៅបរិវេណវត្តបទុមវត្តី ដែលរៀបចំដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងការសម្ពោធស្នាដៃគំនូរជញ្ជាំងខ្នាតធំមួយនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។
លោក អូលីវីយេ រីឆ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយលើកឡើងថា ប្រទេសបារាំងនឹងប្រគល់តួនាទីជាប្រធានកិច្ចប្រជុំកំពូលនេះជូនប្រទេសកម្ពុជា សម្រាប់អាណត្តិរយៈពេលពីរឆ្នាំខាងមុខ។
លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យអប់រំ ភាពចម្រុះនៃវប្បធម៌ ឱកាសសម្រាប់យុវជន សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈការរៀបចំពន្លាជាតិ និងព្រឹត្តិការណ៍វប្បធម៌ទាំងនេះ ប្រទេសបារាំងមានគោលបំណងបង្ហាញពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការដែលតភ្ជាប់វប្បធម៌ ចំណេះដឹង និងភាសា ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ។
សាធារណជនទាំងអស់អាចចូលទស្សនាពន្លាជាតិបារាំងដោយសេរី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា នៅក្នុងភូមិហ្វ្រង់កូហ្វូនី រាជធានីភ្នំពេញ ដើម្បីស្វែងយល់ ជួបជុំ ផ្លាស់ប្ដូរបទពិសោធន៍ និងអបអរសាទរភាពជាហ្វ្រង់កូហ្វូនី៕
អត្ថបទ៖ ប៊ី







