ARDB នាំអ្នកជំនួញបរទេសមើលកសិដ្ឋានធំៗ ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម

ក្រុមអ្នកជំនួញបរទេសបានចុះទៅមើលកសិដ្ឋានខ្នាតធំមួយចំនួននៅខេត្តកំពង់ឆ្នាំង និងជាយរាជធានីភ្នំពេញ ដើម្បីស្វែងរកឱកាសវិនិយោគដោយផ្ទាល់លើវិស័យកសិកម្ម និងចិញ្ចឹមសត្វ ចាប់ពីការចិញ្ចឹមមាន់សាច់ មាន់យកស៊ុត គោយកទឹកដោះ រហូតដល់ការចិញ្ចឹមគោសាច់ពូជល្បីៗដូចជា Black Angus និង Wagyu របស់ជប៉ុន។

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញនាំក្រុមអ្នកជំនួញបរទេសចុះទៅមើលកសិដ្ឋានចំនួន ៣ នៅឃុំក្ដុលសែនជ័យ និងតំបន់ស្តុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ព្រមទាំងកសិដ្ឋានដាំបន្លែនៅជាយរាជធានីភ្នំពេញ នៅចុងសប្ដាហ៍នេះ។

កសិដ្ឋានទី១ ជាកសិដ្ឋានចិញ្ចឹមមាន់សាច់ ដែលកំពុងសាងសង់ចំនួន ៣ រោង ដើម្បីផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ចំណែកកសិដ្ឋានទី២ ជាកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត ដែលកំពុងសាងសង់រហូតដល់ ១៦ រោង បង្ហាញពីការពង្រីកផលិតកម្មក្នុងទ្រង់ទ្រាយធំ។

កសិដ្ឋានទី ៣ មានទាំងការចិញ្ចឹមគោយកទឹកដោះ និងគោយកសាច់ សរុបជាង ៤ ពាន់ក្បាល។ ក្នុងចំណោមនេះ គោយកទឹកដោះមានចំនួន ១,៧០៣ ក្បាល និងគោយកសាច់មានចំនួន ២,៣០០ ក្បាល។

ក្រៅពីគោពូជក្នុងស្រុកដូចជា គោព្រាហ្ម កសិដ្ឋាននេះក៏ចិញ្ចឹមគោសាច់ពូជបរទេស រួមមាន Charolais, Black Angus និង Wagyu របស់ជប៉ុន ដែលជាពូជគោសាច់មានតម្លៃខ្ពស់ និងល្បីនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការទាក់ទាញទុនកាន់តែច្រើនចូលក្នុងវិស័យកសិកម្ម មិនត្រឹមតែជួយបង្កើនផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែអាចជួយពង្រឹងសន្តិសុខស្បៀង បង្កើនសមត្ថភាពនាំចេញ និងបង្កើនប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ។

ការនាំអ្នកជំនួញទៅមើលកសិដ្ឋានដោយផ្ទាល់ ក៏ជាវិធីមួយក្នុងការបង្ហាញថា កម្ពុជាមានទាំងដី និងទីផ្សារសម្រាប់វិស័យកសិកម្ម ព្រមទាំងមានផលិតកម្មខ្នាតធំកំពុងដំណើរការ និងមានឱកាសសម្រាប់ទុនថ្មីចូលមកពង្រីកបន្ថែម។

សម្រាប់កម្ពុជា ការទាក់ទាញការវិនិយោគលើការផលិតសាច់ ស៊ុត និងទឹកដោះក្នុងស្រុក អាចជួយបង្កើនការផលិតផលិតផលដែលត្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងប្រទេស ជំនួសការពឹងផ្អែកលើការនាំចូល ហើយអាចបើកផ្លូវទៅកាន់ទីផ្សារនាំចេញ នៅពេលផលិតកម្មកើនឡើង៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times