
ភ្នំពេញ៖ កម្ពុជាបានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចមកត្រឹមប្រមាណ ៤% នៅឆ្នាំ២០២៦ និង ៤,៨% នៅឆ្នាំ២០២៧ ដែលទាបជាងការវាយតម្លៃពីដើមឆ្នាំ ដោយសារផលប៉ះពាល់ពីវិបត្តិសកល និងកត្តាប្រឈមក្នុងស្រុកជាបន្តបន្ទាប់។
ការវាយតម្លៃនេះត្រូវបានលើកឡើងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុម និងលោក Julio Bacio Terracino ទីប្រឹក្សាផ្នែកប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្មប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចនេះ គឺដោយសារកម្ពុជាទទួលរងផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុកពីវិបត្តិជាបន្តបន្ទាប់ រួមមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ការកើនឡើងថ្លៃប្រេងឥន្ធនៈ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។
កត្តាទាំងនេះបានទាញទម្លាក់កំណើនវិស័យសំខាន់ៗមួយចំនួន ជាពិសេសវិស័យកសិកម្ម សំណង់ អចលនទ្រព្យ ទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត។ ចំណែកវិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់បន្ថែមពីបាតុភូត El Niño ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ផ្ទៃដីបង្កបង្កើនផល និងសមត្ថភាពផលិតកម្ម។
ទោះជាយ៉ាងណា វិស័យបម្រើការនាំចេញ ជាពិសេសវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានរំពឹងថានឹងបន្តរក្សាកំណើនល្អ និងជាកម្លាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៧។
ក្នុងជំនួបនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងជនងាយរងគ្រោះ តាមរយៈការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួន ដូចជាប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន ដើម្បីចូលរួមកាត់បន្ថយសម្ពាធពីការកើនឡើងថ្លៃ និងកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។
ឯកឧត្តមក៏បានគូសបញ្ជាក់ពីការផ្លាស់ប្តូរជំហរគោលនយោបាយសារពើពន្ធរបស់កម្ពុជា ទៅរកជំហរគាំពារកំណើនចំគោលដៅ ដើម្បីបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់កំណើនក្នុងរយៈពេលមធ្យម។
ជាការឆ្លើយតប លោក Kenichiro Kashiwase បានលើកឡើងថា សេដ្ឋកិច្ចសកលនៅតែមានភាពធន់ ទោះបីស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជា និងការកើនឡើងអតិផរណាជាសកលក៏ដោយ។ លោកក៏បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានភាពធន់ ដោយមានវិស័យនាំចេញជាកម្លាំងគាំទ្រ។
លោកបានបញ្ជាក់ពីការប្តេជ្ញារបស់ IMF ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាតាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ រួមមាន ការកៀរគរចំណូល យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យម (MTEAMS) ការគ្រប់គ្រងទ្រព្យនិម្មិត និងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងមានភាពជឿទុកចិត្ត។
ជាចុងក្រោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ IMF ដែលតែងតែផ្តល់ទស្សនាទាន និងអនុសាសន៍ល្អៗសម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយរបស់កម្ពុជា ព្រមទាំងបានស្វាគមន៍បេសកកម្មវាយតម្លៃសេដ្ឋកិច្ច Article IV របស់ IMF ក្នុងឆ្នាំ២០២៧ ដើម្បីបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍សេដ្ឋកិច្ចសកលដែលនៅតែមានភាពមិនប្រាកដប្រជា៕
អត្ថបទ៖ ប៊ី








