កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៦ កន្លងទៅនេះ អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានជួបពិភាក្សាជាមួយក្រុមហ៊ុន MCR Group ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ បច្ចេកវិទ្យា សុវត្ថិភាពសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ។

ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូ បានជួបប្រជុំពិភាក្សាការងារយ៉ាងផុសផុល ព្រមទាំងបានស្តាប់បទបង្ហាញណែនាំយ៉ាងលម្អិតអំពីប្រវត្តិក្រុមហ៊ុន សកម្មភាពអាជីវកម្ម បទពិសោធន៍ បច្ចេកវិទ្យាទំនើប និងទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន MCR Group។
ដោយឡែកលោក ម៉ាង ស៊ីណេត ក៏បានលើកបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយដ៏សំខាន់រួមមាន ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីឱកាសវិនិយោគយ៉ាងទូលំទូលាយលើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ទេសចរណ៍ និងវិស័យដែលមានសក្តានុពលដទៃទៀត ព្រមទាំងបានអំពាវនាវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន MCR Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុផងដែរ។
បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរួចហើយ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឆ្លៀតដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចកសិដ្ឋានចិញ្ចឹមសេះរបស់ក្រុមហ៊ុន MCR Group ផងដែរ៕





អត្ថបទ៖ ឆដា, រូបភាព៖ មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ






