ឧកញ៉ាចិត្ត​សប្បុរស ណូ សុភា ត្រូវផ្តល់ឋានៈជាទីប្រឹក្សា​សម្តេចប្រធានរដ្ឋសភា​ មានឋានៈស្មើ «រដ្ឋមន្ត្រី»

លោក​ស្រី ណូ សុភា ​ឬ​បងប្អូន​ខ្មែរ​យើង​ហៅ​ថា​ឧកញ៉ាចិត្តធម៌ ណូ សុភា (Sophea Böttcher) ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​តែងតាំង ​និង​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា សម្តេច​មហារដ្ឋ​សភា​ធិការធិបតី​ ឃួន សុដារី​ ប្រធានរដ្ឋសភា មាន​ឋានៈស្មើ​ «រដ្ឋមន្ត្រី» ​នៅ​ថ្ងៃទី១៤ ​ខែ​តុលា​ ឆ្នាំ​២០២៦។

តាមដានជាមួយយើង៖ Million Times

​អគ្គនាយិកាក្រុមហ៊ុន ​AG Bottcher ​និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា​ខាង​លើ​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​រស់​នៅ​ក្រៅ​ប្រទេស ​ប៉ុន្តែ​មាន​ចិត្ត​សប្បុរស ​ធ្វើ​បុណ្យ ​ជួយ​អ្នក​ខ្សត់ខ្សោយ​ជា​ច្រើន​មក​ហើយ។ ​ជា​ពិសេស​កំឡុង​ពេល​ថៃ ឈ្លាន​ពាន​កម្ពុជា​នៅ​ឆ្នាំ​មុន ​​ឧកញ៉ាចិត្តធម៌ ណូ សុភា ​បាន​ជួយ​​កងទ័ព ជន​ភៀសសឹក ​និង​អ្នក​មានជីវភាពខ្វះ​ខាត​ជា​បន្ត​បន្ទាប់។ ​ជាមួយ​ទឹក​ចិត្ត​ខ្មែរ ស្រលាញ់​ខ្មែរ ​ខ្សែ​ជួយ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ​នេះ​ហើយ ទើប​លោក​ស្រី ណូ សុភា ​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា ​និង​ទទួល​បាន​ការ​ស្រលាញ់​រាប់​អាន​ពី​ប្រជាជន​កម្ពុជា​ជា​ច្រើន។

​ជាក់​ស្ដែង​​កាល​ពី ​ខែ​កក្កដា ​ឆ្នាំ​ ២០២៦ ​កន្លង​ទៅ ​លោកស្រី​ទើប​ទទួល​បាន​គ្រឿង​ឥស្សរិយ​យស «ជាតូបការ» ​ពី​ព្រះ​មហាក្សត្រ ​ដែល​ជា​កិត្តិយស​ធំ​ធេង​មួយ។ ​ហើយ​ការ​ផ្ដល់​ឋានៈ​ជាទី​ប្រឹក្សា សម្តេច​ប្រធាន​រដ្ឋសភា ​ដែល​មានឋានៈស្មើ ​«រដ្ឋមន្ត្រី»នេះ​ទៀត គឺ​រឹត​តែ​បង្ហាញ​ថា​ឧកញ៉ាចិត្តធម៌ ណូ សុភា ទទួល​បាន​ការ​ស្រលាញ់​ច្រើន​ពី​កម្ពុជា។

គោរមងា និងឥស្សរយសនេះ គាត់ស័ក្តិសមនិងទទួលបាន ព្រោះតែកន្លងមកទាំង ឧកញ៉ា ណូ សុភា និងស្វាមី បាន​ជួយដល់សង្គម​ជាតិខ្មែរ​ច្រើន។ សាមីខ្លួន គឺ​ឧកញ៉ា សុភា បាន​រៀបរាប់​ថា “នាងខ្ញុំ សូមក្រាបបង្គំសម្តែងនូវកតញ្ញូតាធម៌ និងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ព្រះមេត្តាប្រោសព្រះរាជទានការតែងតាំងដល់នាងខ្ញុំ។ នាងខ្ញុំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចំពោះសេចក្តីទុកចិត្ត ការគាំទ្រ និងការផ្តល់កិត្តិយសដ៏ថ្លៃថ្លានេះដល់នាងខ្ញុំ។ កិត្តិយសនេះ មានអត្ថន័យដ៏ធំធេងចំពោះនាងខ្ញុំ និងជាកម្លាំងចិត្តដ៏មុតមាំ ឱ្យនាងខ្ញុំបន្តចូលរួមក្នុងកិច្ចការមនុស្សធម៌ និងជួយដល់ប្រជាពលរដ្ឋដែលមានការលំបាក ជាពិសេសកុមារ និងយុវជនខ្វះខាត ឱ្យមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព មានចំណេះដឹង និងជំនាញ ដើម្បីកសាងអនាគតល្អប្រសើរសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ នាង​ខ្ញុំនឹងបន្តខិតខំចូលរួមតាមលទ្ធភាព ដោយសេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមាតុភូមិកម្ពុជា។ នាងខ្ញុំ សូមបួងសួងថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរជានិច្ច“៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher