គណៈប្រតិភូ​នៃ​សមាគម​ឧកញ៉ា​កម្ពុជា​ ​នឹង​អម​ដំណើរ​សម្តេច​ធិបតី​ ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៅ​វៀតណាម

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​សមាគម​ឧកញ៉ា​កម្ពុជា​ ​បាន​ចាត់​តាំងគណៈ​ប្រតិភូ​ចំនួន​ ៤ រូប ​ដើម្បី​អម​ដំណើរ​សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​ក្នុង​ឱកាស​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សំខាន់​ៗ​ចំនួន​ ២ ​នៅ​រដ្ឋធានី​ហាណូយ ​ប្រទេស​វៀតណាម ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​ថ្ងៃ​ទី​២៩​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ឧកញ៉ា​កម្ពុជា​ ​ចុះ​ថ្ងៃ​ទី​២៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ការ​ចាត់តាំង​គណៈប្រតិភូ​នេះ​ ធ្វើឡើង​ក្រោម​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​ដោយ​មាន​ការ​ចាត់តាំងពី​លោក​អ្នក​ឧកញ៉ា​ ​លី ​យ៉ុងផាត់ ​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​។

​គណៈ​ប្រតិភូ​ដែល​នឹង​អម​ដំណើរ​សម្តេច​ធិបតី ​រួម​មាន​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ វិញ​ ​ហ៊ូរ ​ជា​ប្រធាន​គណៈប្រតិភូ ​អនុ​ប្រធាន​សមាគម​ ​និង​ជា​ប្រធាន​គណៈកម្មការ​ដឹកជញ្ជូន​ ព័ស្តុភារ​កម្ម ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​អ្នក​ឧកញ៉ា​ ​អ៊ុង​ លី​ហេង ​និង​អ្នក​ឧកញ៉ា​បណ្ឌិត​ លី រិទ្ធ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​សម្តេច​ធិបតី​នឹង​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េ​យ៉ា​រ៉ាឌី​-​ចៅ​ប្រាយ៉ា​-​មេគង្គ​ ​(​ACME​CS​)​ ​លើក​ទី​១១​ ​ក្រោម​មូលបទ «​ការ​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឆ្ពោះទៅ​រក​អេក​ម៉ិក​ដែល​មាន​ភាព​ឆ្លាតវៃ ​និង​ចីរភាព​»​។

​ជាមួយគ្នា​នេះ​ ​សម្តេច​ធិបតី​ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​) ​លើក​ទី​១២​ ​ក្រោម​មូលបទ ​«​ការ​តភ្ជាប់​តំបន់​ ​CLMV – ​ការ​ទាញយក​សក្តានុពល – ​ការ​កសាង​អនាគត​ប្រកប​ដោយ​វិបុល​ភាព​»​។

​សមាគម​ឧកញ៉ា​កម្ពុជា​បញ្ជាក់​ថា​ ​ការ​ចូលរួម​របស់​គណៈប្រតិភូ​នា​ពេលនេះ​ ​ឆ្លុះបញ្ចាំង​ពី​ការ​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ​ក្នុង​ការ​លើកកម្ពស់​ការទូត​សេដ្ឋកិច្ច​ ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ​ព្រមទាំង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន​កម្ពុជា​ ​និង​សហគមន៍​ធុរកិច្ច​អន្តរជាតិ​។

ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ទាំង​ពីរ​នេះ​ ​ក៏​ជា​ឱកាស​សម្រាប់​វិស័យ​ឯកជន​កម្ពុជា​ក្នុង​ការ​ចូលរួម​ជាមួយ​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ​ស្រប​តាម​គោលបំណង​នៃ​កិច្ច​ប្រជុំ​ស្តីពី​ការ​តភ្ជាប់​ ​និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​៕

អត្ថបទ៖ ប៊ី