លោកស្រី សុភា បុត្រឈរ/ Sophea Böttcher (ឈ្មោះដើម ណូ សុភា) បានចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់បោះឆ្នោតឲ្យបវរកញ្ញាខ្មែរ កញ្ញា ថាន រតនា ដែលកំពុងប្រកួត Miss Universe 2026 លើកទី ៧៥ នៅប្រទេសព័រតូរីកូព្រមជួយឧបត្ថម្ភផ្សេងៗច្រើនទៀត។


ក្រោយឮដំណឹងថាកម្មវិធី Miss Universe បើកឲ្យមានការបោះឆ្នោត លោកស្រី សុភា បុត្រឈរ ដែលជានិច្ចកាលតែងតែជួយគាំទ្រជនជាតិខ្មែរដូចគ្នាជារឿយៗនោះ ប្រកាសជួយជាថវិកា ១ ម៉ឺនដុល្លារ សម្រាប់ការបោះឆ្នោត ចូលទៅកាន់ Top 30 ដោយស្វ័យប្រវត្តិក្នុងកម្មវិធី Miss Universe 2026 លើកទី៧៥ នៅប្រទេសព័រតូរីកូ។
ស្ត្រីខ្មែរដែលកំពុងរស់នៅអាល្លឺម៉ង់ និងមានស្វាមីជាសេដ្ឋីប្រចាំតំបន់ Jena នោះ មិនដែលភ្លេចមាតុភូមិកំណើតឡើយ ដោយជារឿយៗលោកស្រី តែងតែមានក្រុមការងារជួយដល់អ្នកខ្វះខាតក្នុងស្រុក។


មិនប៉ុណ្ណោះ សកម្មភាពប្រចាំថ្ងៃនៃការធ្វើការនៅក្នុងក្រុមហ៊ុន AG Bottcher អគ្គនាយិការូបនេះ តែងតែជួយដល់អង្គការនានាក្នុងប្រទេសអាល្លឺម៉ង់ដូចគ្នា។ អ្វីដែលគួរឲ្យសរសើរបំផុតគឺភរិយាអគ្គនាយក AG Bottcher ស្វះស្វែងផ្ដល់ជាជំនួយដល់វិស័យអប់រំ មិនថាការកសាងថ្នាក់រៀន និងផ្ដល់សម្ភារទ្រទ្រង់សាលា។
គួរបញ្ជាក់ផងដែរថា ងារជាឧកញ៉ា លោកស្រីទទួលបាន តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ (ផ្សព្វផ្សាយជាសាធារណៈនៅដើមខែឧសភា ឆ្នាំ២០២៦) កាលពីប៉ុន្មានខែមុន អគ្គនាយិកាក្រុមហ៊ុន AG Bottcher ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានឋានៈស្មើ «រដ្ឋមន្ត្រី» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦៕
អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher






