ក្បួន​រថយន្ត​ ​៥០០ ​គ្រឿង​ ​ឆ្ពោះទៅ​មណ្ឌលគិរី ​និង​រតនគិរី ​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​ក្បួន​រថយន្ត​ប្រមាណ​ ​៥០០ ​គ្រឿង​ ​នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​មណ្ឌលគិរី ​និង​រតនគិរី ​ចាប់​ពី​ថ្ងៃ​ទី​២១ ​ដល់​ថ្ងៃ​ទី​២៣​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ក្នុង​ព្រឹត្តិការណ៍​ ​«​ឦ​សាន Overland ​លើក​ទី​៣​» ​ដែល​មាន​អ្នក​ចូលរួម​ជាតិ​ ​និង​អន្តរជាតិ​ប្រមាណ​ ​២​.​០០០​នាក់​ ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សក្តានុពល ​និង​ភាព​ទាក់ទាញ​ទេសចរណ៍​នៅ​តំបន់​ភូមិភាគ​ឦសាន​។

​ព្រឹក​ថ្ងៃ​ទី​២១​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​ ​ហួត​ ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​អញ្ជើញ​ជា​អធិបតី ​និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ក្បួន​រថយន្ត​នៃ​ព្រឹត្តិការណ៍​ ​«​ឦ​សាន Overland ​លើក​ទី​៣​» ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​ស្រឡាញ់​រថយន្ត​ ​កីឡាករ​ ​កីឡាការិនី ​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​ ​និង​សាធារណជន​សរុប​ប្រមាណ​ ​២​.​០០០​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​គូសបញ្ជាក់​ថា​ ​ព្រឹត្តិការណ៍​ ​«​ឦ​សាន Overland​» ​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​លើកស្ទួយ​ចលនា​ទេសចរណ៍​ក្នុង​ស្រុក​ ស្រប​តាម​ទស្សនទាន​ ​«​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​» ​និង​ ​«​ស្រឡាញ់​ជាតិ​ត្រូវ​ស្គាល់​ទឹកដី​» ​តាមរយៈ​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​តំបន់​ភូមិភាគ​ឦសាន ​ជាពិសេស​ខេត្ត​មណ្ឌលគិរី ​និង​រតនគិរី​។​

​ឯកឧត្តមរដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​បង្ហាញ​ពី​ភាព​ស្រស់ស្អាត​នៃ​ធម្មជាតិ​ ការ​ធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​ ​និង​ភាព​ទាក់ទាញ​នៃ​ម្ហូប​អាហារ​ប្រចាំ​តំបន់ ​ដើម្បី​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​ ​និង​ស្គាល់​កាន់តែ​ច្បាស់​ពី​សក្តានុពល​ទេសចរណ៍​នៅ​ភូមិភាគ​ឦសាន​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​សម្តែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​រថយន្ត​ ​CPG ​ក្រុម​និយាយ​ពី​ឡាន​ ​(​TA​C​)​ ​ក្រុម​គោ​ព្រៃ​មណ្ឌលគិរី​ ​ក្រុម​ដំរី​ឦសាន ​និង​ក្រុម​អ្នក​ដើរ​ព្រៃ​កម្ពុជា​ ​(​CAT​)​ ​ព្រមទាំង​អាជ្ញាធរ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដែល​បាន​សហការ​រៀបចំ​ ​និង​សម្របសម្រួល​ឱ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ​ប្រសើរ​។​

​ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​បង្កើន​ចំនួន​អ្នក​ចូលរួម​ ​និង​ពង្រីក​វិសាលភាព​ពី​ថ្នាក់​ជាតិ​ឈាន​ទៅកាន់​អន្តរជាតិ​។

​គួរ​បញ្ជាក់​ថា​ ​ព្រឹត្តិការណ៍​ ​«​ឦសាន Overland​» ​បាន​រៀបចំ​ចំនួន​៣​លើក​មក​ហើយ​។ ​សម្រាប់​លើក​ទី​១ ​នៅ​ឆ្នាំ​២០២៤​ ​មាន​អ្នក​ចូលរួម​ជាតិ​ ​និង​អន្តរជាតិ​ប្រមាណ​ ​១​.​១៤០​នាក់​ ​និង​រថយន្ត​ចំនួន​ ​២៨៥​គ្រឿង​។ ដោយ​ឡែក ​សម្រាប់​លើក​ទី​៣ ​ក្នុង​ឆ្នាំ​២០២៦​នេះ​ ​គ្រោង​មាន​អ្នក​ចូលរួម​ប្រមាណ​ ​២​.​០០០​នាក់​ ​និង​រថយន្តប្រមាណ​ ​៥០០​គ្រឿង​ ​ដោយ​ក្បួន​រថយន្ត​នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​មណ្ឌលគិរី ​និង​រតនគិរី ​ចាប់​ពី​ថ្ងៃ​ទី​២១ ​ដល់​ថ្ងៃ​ទី​២៣​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​៕

អត្ថបទ៖ ប៊ី