ក្រុមហ៊ុន​ឈាន​មុខ​ពីររបស់​កម្ពុជា​ ​និង​វៀតណាម ​រួមគ្នា​ពង្រីកសេវាសន្តិ​សុខសាយ​ប័រ ​បរិវត្ត​កម្ម​ឌីជីថល ​និង​ AI ​នៅ​កម្ពុជា​

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​មេគង្គណិត ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​របស់​កម្ពុជា​ ​និង​ក្រុមហ៊ុន​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​វៀតណាម​ ​(​VNPT​) ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​សាយប័រ​ ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​បរិវត្ត​កម្ម​ឌីជីថល ​ដើម្បី​ផ្ដល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ដល់​អាជីវកម្ម ​និង​ស្ថាប័ន​សាធារណៈ​នៅ​កម្ពុជា​។

​កិច្ចព្រមព្រៀង​ថ្មី​នេះ​ ​គឺជា​ការ​ពង្រីក​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ​ដែល​មាន​តាំងពី​ឆ្នាំ​២០០៨ ​ដោយ​កាលពី​ដំបូង​ផ្ដោត​លើ​សេវា​ទូរគមនាគមន៍​អន្តរជាតិ​ ​ខ្សែ​ជួល​ឯកជន ​និង​ការ​តភ្ជាប់​ឆ្លង​ព្រំដែន​។

​ក្រោម​កិច្ចព្រមព្រៀង​នេះ​ VN​PT ​នឹង​ផ្ដល់​វេទិកា​បច្ចេកវិទ្យា​ ​និង​ជំនាញ​លើ​វិស័យ​សន្តិសុខ​សាយប័រ​ ​AI អ៊ីនធឺណិត​នៃ​វត្ថុ ​(​IoT​) ​និង​ដំណោះស្រាយ​រដ្ឋាភិបាល​ឌីជីថល​។ ​ចំណែក​ ​មេគង្គ​ណិត ​នឹង​ចូលរួម​ផ្ដល់​បណ្ដាញ​ទំនាក់ទំនង​ដែល​គ្របដណ្ដប់​ទូទាំង​ ​២​៥​ ​រាជធានី​-​ខេត្ត ​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ក្រុម​វិស្វករ​ក្នុង​ស្រុក​។​

​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឱ្យ​ដឹង​ថា​ ​ភាព​ជា​ដៃគូ​នេះ​នឹង​ជួយ​ឱ្យ​ស្ថាប័ន​នានា​នៅ​កម្ពុជា​អាច​ប្រើប្រាស់​សេវា​ឌីជីថល​ទំនើប​ៗ ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​នៅក្នុង​ប្រទេស​។

​លោក​ស្រី​ សុខ​ ​ចាន់​ដា ​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​មានប្រសាសន៍​ថា​ ​រយៈពេល​ ២០​ឆ្នាំ​មក​នេះ​ ​មេ​គង្គ​ណិត ​បាន​តភ្ជាប់​គេហដ្ឋាន​ ​អាជីវកម្ម ​និង​ស្ថាប័ន​នានា​នៅ​កម្ពុជា​ ប៉ុន្តែ​តម្រូវការ​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​លើស​ពី​ការ​តភ្ជាប់​អ៊ីនធឺណិត ​ដោយ​ពួកគេ​ត្រូវការ​ការ​ការពារ​ប្រព័ន្ធ​ ​និង​ទិន្នន័យ​ ​ព្រមទាំង​ការ​ប្រើប្រាស់​ AI ​ប្រកបដោយ​ទំនុកចិត្ត​។

​លោក​ស្រី​បាន​បន្ត​ថា​ ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្សារភ្ជាប់​វេទិកា​បច្ចេកវិទ្យា ​និង​អ្នក​ជំនាញ​ជាន់ខ្ពស់​របស់​ VNPT ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ជំនាញ​ក្នុង​ស្រុក​របស់​ ​មេ​គង្គណិត ​ដើម្បី​ផ្ដល់​សេវា​សន្តិសុខ​សាយប័រ​ដល់​អាជីវកម្ម ​និង​ស្ថាប័ន​នានា ​ដោយ​មាន​ការ​គាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅក្នុង​ពិព័រណ៍​ FrancoTech ​2026​ ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ដាក់​បង្ហាញ​សេវា​បច្ចេកវិទ្យា​ចំនួន​ ៤ ​វិស័យ​ ​នៅ​ស្តង់​ពិព័រណ៍​រួម​លេខ​ ​E1​–​E4 ​រួម​មាន​ ​សន្តិសុខ​សាយប័រ ​បញ្ញា​សិប្បនិម្មិត អ៊ីនធឺណិត​នៃ​វត្ថុ ​និង​រដ្ឋាភិបាល​ឌីជីថល​។

​ក្នុង​ចំណោម​សេវា​ទាំងនោះ​ ​មាន​ MekongDefense SO​C ​ដែល​ជា​សេវា​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សន្តិសុខ​ ​(​SOC​)​ ​គ្រប់គ្រង​រួមគ្នា​ដោយ​ ​មេ​គង្គណិត ​និង​ VN​PT​។ ​សេវា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​តាមដាន​សុវត្ថិ​ភាព​ប្រព័ន្ធ​ ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ស្វែងរក​ការ​គំរាមកំហែង​ ​និង​ឆ្លើយតប​ចំពោះ​ឧប្បត្តិហេតុ​សន្តិសុខ​សាយប័រ ​ដែល​អាច​ប៉ះពាល់​ដល់​ធនាគារ​ ​អាជីវកម្ម​ ​សហគ្រាស​ធុន​តូច ​និង​មធ្យម ​ព្រមទាំង​ស្ថាប័ន​សាធារណៈ​។​

​ក្រុមហ៊ុន​ទាំង​ពីរ​បញ្ជាក់​ថា​ ​ទិន្នន័យ​អតិថិជន​នឹង​ត្រូវ​បាន​ដំណើរការ​ ​និង​រក្សាទុក​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ ​មេ​គង្គ​ណិត ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​មាន​ក្រុម​វិស្វករ​ក្នុង​ស្រុក​ផ្ដល់​ការ​គាំទ្រ​នៅ​នឹង​កន្លែង​។

​ចំពោះ​បច្ចេកវិទ្យា​ ​AI ​ក្រុមហ៊ុន​បាន​បង្ហាញ​ដំណោះស្រាយ​ជា​ច្រើន រួម​មាន​ ​បច្ចេកវិទ្យា​ស្គាល់​អតិថិជន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​(​eK​Y​C​)​ ​សម្រាប់​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ចេញ​ចូល​ដោយ​ស្គាល់​ផ្ទៃ​មុខ​ ​និង​ Smart​Vision ​ដែល​ប្រើប្រាស់​ការ​វិភាគ​វីដេអូ​ដើម្បី​ធានា​សន្តិសុខ​នៅ​តាម​អគារ​ ​គេហដ្ឋាន​ ​ហាង​លក់​ទំនិញ​ ​និង​រោងចក្រ​ ​ព្រមទាំង​តាមដាន​ចរាចរណ៍​។

​ដោយឡែក ​សេវា​ ​IoT រួម​មាន​វេទិកា​គ្រប់គ្រង​ឧបករណ៍​ឆ្លាត​វៃ​ក្នុង​ផ្ទះ​ ​និង​បច្ចេកវិទ្យា​ ​AI ​Camera ​ដែល​អាច​វិភាគ​រូបភាព​វីដេអូ​ពី​កាមេរ៉ា​ដែល​មាន​ស្រាប់ ​ដើម្បី​រកឃើញ​ ​និង​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​អំពី​សកម្មភាព​មិន​ប្រក្រតី​។

​សម្រាប់​ដំណោះស្រាយ​រដ្ឋាភិបាល​ឌីជីថល​ ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ដាក់​បង្ហាញ​វិបផតថល​សេវា​សាធារណៈ​តាម​អនឡាញ​ ​កម្ម​វិធី​ទូរស័ព្ទ​សម្រាប់​ប្រជា​ពលរដ្ឋ​ ​ខ្សែ​ទូរស័ព្ទ​គាំទ្រ​តាម​ពហុ​បណ្ដាញ ​និង​ម៉ាស៊ីន​បម្រើ​សេវា​ដោយ​ខ្លួនឯង​ដំណើរការ​ដោយ​ ​AI ​(​AI Kiosk​)​ ​សម្រាប់​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​។

​តំណាង​ក្រុមហ៊ុន​ VN​PT ​បាន​ឱ្យ​ដឹង​ថា​ ​វត្ត​មាន​ដ៏​យូរ​អង្វែង​របស់​ ​មេ​គង្គ​ណិត ​នៅ​កម្ពុជា​ ​និង​ការ​យល់ដឹង​ច្បាស់​អំពី​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ដៃគូ​ដែល​អាច​ទុកចិត្ត​បាន​ ​ក្នុង​ការ​នាំយក​បច្ចេកវិទ្យា​របស់​ VN​PT ​មក​ផ្ដល់​ជូន​ស្ថាប័ន​នានា​នៅ​កម្ពុជា​។​

​សូម​បញ្ជាក់​ថា​ ​ពិព័រណ៍ FrancoTech 2026 ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។ មេ​គង្គណិត ​ក៏​បាន​បញ្ជាក់​ថា​ ​ស្ថាប័ន​ដែល​ចាប់​អារម្មណ៍​លើ​សេវា​សន្តិសុខ​សាយប័រ​របស់​ខ្លួន​ អាច​ស្នើសុំ​ការ​វាយតម្លៃ​ដោយ​ឥត​គិត​ថ្លៃ​តាមរយៈ​គេហទំព័រ​ https​:​/​/​www​.mekongnet​.​com​.​kh​/ ។

​មេ​គង្គ​ណិត ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦ ​និង​ផ្ដល់​សេវា​តភ្ជាប់​អ៊ីនធឺណិត ​មជ្ឈមណ្ឌល​ទិន្នន័យ​ ​Cloud ​សន្តិសុខ​សាយប័រ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ​ចំណែក​ VN​PT ​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​វៀតណាម ​ដែល​អង្គភាព​អន្តរជាតិ​របស់​ខ្លួន​បាន​បើក​ការិយាល័យ​តំណាង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤​៕