កម្ពុជា​ ​ជំរុញ​ការ​វិនិយោគ​អាម៉េរិក​បន្ថែម​ ​តាមរយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​កម្ពុជា​បាន​ជំរុញ​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​សហរដ្ឋ​អាម៉េរិក​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ ​ថាមពល ​និង​ឧស្សាហកម្ម ​ក្នុង​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ​និង​ទាក់ទាញ​វិនិយោគិន​អាម៉េរិក​ឱ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

​ការ​ជំរុញ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​ឧប​នាយករដ្ឋមន្ត្រី ​និង​ជា​អនុ​ប្រធាន​ទី​១​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​ក​.​អ.​ក.​)​ ​ជាមួយ​ឯកឧត្តម​ ​Steve Daines ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ ​និង​សហការី ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​អាម៉េរិក​បំពេញ​ទស្សនកិច្ច​ការងារ​ជា​ផ្លូវការ​នៅ​កម្ពុជា​។

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​ ​និង​គណៈប្រតិភូ ​ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ ​ចំពោះ​ការ​យកចិត្តទុកដាក់​ និង​ការ​គាំទ្រ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​កន្លងមក​។

​ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា ​ជាពិសេស​ការ​កើនឡើង​នៃ​អត្រា​អាយុ​សង្ឃឹម​រស់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ​ដោយ​សមិទ្ធផល​ទាំងនេះ​មាន​ការ​ចូលរួម​ចំណែក​គាំទ្រ​យ៉ាង​សកម្ម​ពី​រដ្ឋាភិបាល​ ​និង​ប្រជាជន​សហរដ្ឋ​អាម៉េរិក​ផងដែរ​។

​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​ស៊ីជម្រៅ​អំពី​លទ្ធភាព​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​សំខាន់​ៗ ​ជាពិសេស​ពាណិជ្ជកម្ម​ ​ថាមពល ​និង​ឧស្សាហកម្ម ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ​និង​បង្កើន​លំហូរ​វិនិយោគ​ពី​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​សម្រេចបាន​កន្លង​មក ​រួម​មាន​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ​(​ART​) ​កិច្ច​ព្រមព្រៀង​ស្តីពី​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស ​(​Air ​Service Agreement​)​ ​និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាម៉េរិក​ ​(​DF​C​)​ ​ចំពោះ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ​(​KTI​)​ ​ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​តភ្ជាប់​កម្ពុជា​ទៅកាន់​សកលលោក​។

​លើស​ពី​នេះ​ ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុង​វិស័យ​សុខាភិបាល​ ​ក៏​ជា​សមិទ្ធផល​មួយ​ដែល​បាន​ជួយ​ឱ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ​ក្នុង​ការ​លើកកម្ពស់​សុខ​មាល​ភាព​សង្គម​នៅ​កម្ពុជា​។​

​ទាក់ទង​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ទិន្នន័យ​ដែល​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(​GD​CE​)​ ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​បង្ហាញ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ ​និង​សហរដ្ឋ​អាម៉េរិក​ ​សម្រេច​បាន​ ១៣​,​៨២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។

​ក្នុង​នោះ​ ​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ទឹកប្រាក់​ ​១៣​,​២៧ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២៧​,​៨ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥​។ ​ចំណែក​ការ​នាំចូល​ទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា​ ​មាន​ទំហំ​ជិត ៥៥០ លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​៦៨​,​២​ ​ភាគរយ​។

​ជំនួប​បាន​បញ្ចប់​ក្នុង​បរិយាកាស​ស្និទ្ធស្នាល ​និង​ប្រកប​ដោយ​ស្មារតី​ស្ថាបនា ​ដោយ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​សុទិដ្ឋិនិយម ​និង​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​បន្តពង្រឹង​ចំណង​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​ ​ឱ្យ​កាន់តែ​រឹងមាំ​ ​និង​រីកចម្រើន​ថែមទៀត​ ​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស​ ​និង​ប្រជាជន​ទាំង​ពីរ​៕

អត្ថបទ៖ ប៊ី