កម្ពុជា​ជំរុញ​ការ​នាំចេញ​ផលិតផល​ម្ហូប​អាហារ​ទៅ​អា​ម៉េរិក​ ​ដោយ​ផ្តោត​លើ​ការ​បំពេញ​ស្តង់ដារ FDA

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ជំរុញ​ការ​នាំចេញ​ផលិតផល​ម្ហូប​អាហារ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​គុណភាព​ សុវត្ថិភាព​ម្ហូប​អាហារ​ ​និង​ការ​អនុលោម​តាម​ស្តង់ដារ​របស់​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​សហរដ្ឋ​អាម៉េរិក​ ​(​FDA​)​ ​ស្រប​ពេល​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ ១៣​,​៨២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។

ការ​ជំរុញ​នេះ​ធ្វើឡើង​តាមរយៈ​សិក្ខាសាលា​ស្តីពី ​«​ការ​ជំរុញ​ការ​នាំចេញ​ផលិតផល​ម្ហូប​អាហារ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​» ​ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម ​កាលពី​ថ្ងៃ​ទី​១៧​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​សំហេង​ បូរ៉ា​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​។

​សិក្ខាសាលា​នេះ​មាន​ការ​ចូលរួម​ពី​លោក​ D​an ​Solis ​អតីត​ជំនួយការ​ស្នង​ការ​ទទួល​បន្ទុក​ប្រតិបត្តិការ​នាំចូល​នៃ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​សហរដ្ឋ​អាម៉េរិក​ ​(​FDA​)​ ​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​តំណាង​វិស័យ​ឯកជន ​រួម​មាន​អ្នក​ផលិត ​អ្នក​កែច្នៃ​ ​និង​អ្នក​នាំចេញ​ផលិតផល​ម្ហូប​អាហារ​ជា​ច្រើន​រូប​។

​សិក្ខាសាលា​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់ដឹង​របស់​វិស័យ​ឯកជន​អំពី​លក្ខខណ្ឌ​តម្រូវ បទ​ប្បញ្ញត្តិ​បច្ចេកទេស​ ​និង​នីតិវិធី​នាំចូល​ផលិតផល​ម្ហូប​អាហារ​របស់​សហរដ្ឋ​អាម៉េរិក​ ​ព្រមទាំង​ពង្រឹង​សមត្ថភាព​ ​និង​ការ​ត្រៀមខ្លួន​របស់​ធុរកិច្ច​កម្ពុជា ​ដើម្បី​ជំរុញ​ការ​នាំចេញ​ផលិតផល​ម្ហូប​អាហារ​ទៅកាន់​ទីផ្សារ​នេះ​ប្រកបដោយ​ភាព​ប្រកួតប្រជែង ​និង​និរន្តរភាព​។

ថ្លែងក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​ ​ឯកឧត្តម​ ​សំហេង​ ​បូរ៉ា ​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​សហរដ្ឋ​អាម៉េរិក​ ​ដែល​បន្ត​រីកចម្រើន​ជា​លំដាប់​។​ ​ឯក​ឧត្តម​បាន​ចាត់ទុក​ផលិតផល​កសិកម្ម ​និង​អាហារ​កែច្នៃ​ជា​វិស័យ​អាទិភាព​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​ពង្រីក ​និង​ធ្វើ​ពិពិធកម្ម​ការ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។​

​ឯក​ឧត្តម​រដ្ឋលេខាធិការ​បាន​លើកទឹកចិត្ត​ដល់​ធុរជន​ ​អ្នក​ផលិត ​អ្នក​កែច្នៃ​ ​និង​អ្នក​នាំចេញ​ផលិតផល​ម្ហូប​អាហារ​កម្ពុជា ​ឱ្យ​បន្ត​បង្កើន​ការ​វិនិយោគ​លើ​ការ​លើកកម្ពស់​គុណភាព​ ​សុវត្ថិភាព​ម្ហូប​អាហារ​ ​ការ​រចនា ​និង​ការ​វេចខ្ចប់​តាម​ស្តង់ដារ ​ព្រមទាំង​ធានា​ការ​អនុលោម​តាម​បទប្បញ្ញត្តិ​អន្តរជាតិ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ ​ភាព​ប្រកួតប្រជែង ​និង​ពង្រីក​ចំណែក​ទីផ្សារ​សម្រាប់​ផលិតផល​សក្តានុពល​របស់​កម្ពុជា​។

​ផលិតផល​ទាំងនោះ​រួមមាន​ ​អង្ករ​ ​គ្រាប់​ស្វាយចន្ទី​ ម្រេច ​និង​ផ្លែ​ឈើ​ស្រស់ ​ព្រមទាំង​ផ្លែ​ឈើ​កែច្នៃ ​ដែល​អាច​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​មុខ​ទំនិញ​នាំចេញ ​និង​បង្កើន​ឱកាស​ទីផ្សារ​សម្រាប់​ផលិត​ករ ​និង​ធុរកិច្ច​ក្នុង​ស្រុក​។

​ក្នុង​សិក្ខាសាលា​នេះ​ ​លោក​ Dan Solis ​បាន​ធ្វើ​បទបង្ហាញ ​និង​ចែក​រំលែក​បទពិសោធន៍​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បទប្បញ្ញត្តិ​របស់​ FDA ​និង​នីតិវិធី​នាំចូល​ផលិតផល​ម្ហូប​អាហារ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​។​ ​ខ្លឹមសារ​សំខាន់​ៗ​រួមមាន​ ​កម្មវិធី​ផ្ទៀងផ្ទាត់​អ្នក​ផ្គត់ផ្គង់​បរទេស​ ​(​Foreign Supplier ​Verification Program – FSVP​)​ ​តម្រូវការ​តាមដាន​ប្រភព​ដើម ​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ម្ហូប​អាហារ​ ​(​Food ​Traceability Requirements​)​ ​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ការ​នាំចូល​ ​(​Import ​Alerts​)​ ​និង​វិធានការ​កែតម្រូវ​ភាព​មិន​អនុលោម ​(​Corrective ​Actions​)​។

ការ​យល់ដឹង​អំពី​លក្ខខណ្ឌ​ ​និង​នីតិវិធី​ទាំង​នេះ​មាន​សារៈសំខាន់​សម្រាប់​អាជីវកម្ម​កម្ពុជា​ក្នុង​ការ​រៀបចំ​ផលិតផល​ ​និង​ឯកសារ​នាំចេញ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឃាត់ទុក​ ​ឬ​ការ​បដិសេធ​ទំនិញ​នៅ​តាម​ច្រក​នាំចូល​របស់​សហរដ្ឋ​អាម៉េរិក​។​

យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ ​និង​សហរដ្ឋ​អាម៉េរិក​មាន​ទំហំ​សរុប​ ១៣​,​៨២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។

​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ ១៣​,​២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២៧​,​៨​%​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​ចំណែក​ការ​នាំចូល​ទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា​មាន​ទំហំ​ជិត ៥៥០ លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​៦៨​,​២​%​។​

ការ​ពង្រឹង​សមត្ថភាព​ផលិត កែច្នៃ ​និង​ការ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ ​ត្រូវ​បាន​លើកឡើង​ជា​ចំណុច​សំខាន់​ក្នុង​ការ​ត្រៀមខ្លួន​របស់​ធុរកិច្ច​កម្ពុជា ​ដើម្បី​ពង្រីក​ការ​នាំចេញ​ផលិតផល​ម្ហូប​អាហារ​ ​និង​ទាញ​យក​ឱកាស​ពី​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​៕

អត្ថបទ៖ ប៊ី