
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ សៀមរាបអង្គរ និងព្រះសីហនុ បានទទួលអ្នកដំណើរចេញ-ចូលសរុបចំនួន ៥,០២៧,៣៦២នាក់ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ ដោយមានការថយចុះ ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
យោងតាមស្ថិតិដឹកជញ្ជូនតាមផ្លូវអាកាសរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ដោយឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេលពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានជើងហោះហើរចេញ-ចូលសរុបចំនួន ៥១,៨៦៥ ជើង ថយចុះ ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូលមានចំនួន ៨៥,៧៣០ តោន កើនឡើង ១៤% ខណៈជើងហោះហើររំលងដែនមានចំនួន ៧៧,៤៣៦ ជើង កើនឡើង ៨% ធៀបនឹងរយៈពេល ១០ ខែដូចគ្នាក្នុងឆ្នាំ ២០២៥។
សម្រាប់ខែតុលា ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានជើងហោះហើរចេញ-ចូលចំនួន ៥,១៤៤ ជើង កើនឡើង ១៤% ធៀបនឹងខែកញ្ញា ប៉ុន្តែថយចុះ ៣% បើធៀបនឹងខែតុលា ឆ្នាំ ២០២៥។
ចំនួនអ្នកដំណើរក្នុងខែតុលាមានចំនួន ៤៦៩,២០៧ នាក់ កើនឡើង ១៨% ធៀបនឹងខែកញ្ញា ប៉ុន្តែថយចុះ ១៦% ធៀបនឹងខែតុលាឆ្នាំមុន។ ចំណែកទំនិញដឹកជញ្ជូនតាមផ្លូវអាកាសមានចំនួន ៩,៤៣៦ តោន ថយចុះ ៣% ធៀបនឹងខែមុន និងថយចុះ ៩% ធៀបនឹងខែតុលា ឆ្នាំ ២០២៥។
ដោយឡែក ជើងហោះហើររំលងដែនមានចំនួន ៨,២៨៧ ជើងក្នុងខែតុលា កើនឡើង ១០% ធៀបនឹងខែកញ្ញា និងកើនឡើង ១៤% ធៀបនឹងខែតុលាឆ្នាំមុន។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៥ ក្រុមហ៊ុន បានធ្វើប្រតិបត្តិការហោះហើរនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ជាតិ ៤ និងអន្តរជាតិ ៣១។
តាមស្ថិតិដដែល អាកាសយានដ្ឋានអន្តរជាតិតេជោមានជើងហោះហើរចេញ-ចូលជាមធ្យម ៨៩២ ជើង ក្នុងមួយសប្តាហ៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣២៥ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ៦៥ជើង។ ចំណែកអាកាសយានដ្ឋានតារាសាគរមានជើងហោះហើរ ៤ ជើង ក្នុងមួយសប្តាហ៍។
ជារួម អាកាសយានដ្ឋានទាំង ៤ មានជើងហោះហើរចេញ-ចូលសរុបជាមធ្យម ១,២៨៦ ជើងក្នុងមួយសប្តាហ៍ ដែលក្នុងនោះរួមមានជើងហោះហើរក្នុងស្រុកចំនួន ៤ ជើង ក្នុងមួយសប្តាហ៍ រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានតារាសាគរ។
បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិ ៤ និងអន្តរជាតិ ៣២ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយប្រទេសចំនួន ១៨ និងទីក្រុងចំនួន ៤៩៕
អត្ថបទ៖ ប៊ី







