កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ជិត ​១១ ​លាន​នាក់​ ​តាមរយៈ​យុទ្ធនាការ​រដូវ​កាល​បៃតង​ឆ្នាំ​ ២០២៦

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​យុទ្ធ​នាការ​ «​រដូវកាល​បៃតង​» ​ឆ្នាំ​២០២៦ ​សម្រេចបាន​លទ្ធផល​គួរឱ្យ​កត់សម្គាល់​ ​ដោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ប្រមាណ​ ​១០​,​៨៩ ​លាន​នាក់​ ​ក្នុង​រយៈពេល ​៦ ​ខែ ​ចាប់​ពី​ខែ​ឧសភា ​ដល់​ខែ​តុលា ​កើនឡើង​ ​១៦​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​ដែល​ជា​ការ​រួមចំណែក​ដល់​ការ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ស្រុក​ ​និង​សន្ទុះ​វិស័យ​ទេសចរណ៍​កម្ពុជា​ឆ្ពោះទៅ​ឆ្នាំ​ ២០២៧​។

​លទ្ធផល​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ពិធី​បិទ​ ​«​សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការងារ​យុទ្ធនាការ​ទស្សនា​កម្ពុជា​នៅ​រដូវ​កាល​បៃតង​ឆ្នាំ ​២០២៦ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៧​» ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ហួត​ ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​នៅ​សណ្ឋាគារ​ Shangri​-​La ​រាជធានី​ភ្នំពេញ​ ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​ ​តំណាង​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​រដ្ឋបាល​រាជធានី​-​ខេត្ត ​វិស័យ​ឯកជន​ ​សមាគម​ទេសចរណ៍​ ​ប្រតិបត្តិករ​ទេសចរណ៍​ ​ដៃ​គូ​សហការ​ បណ្តាញ​សារព័ត៌មាន​ ​និង​អ្នក​ផលិត​មាតិ​កា​ព័ត៌មាន​ជា​ច្រើន​រូប​។

​ថ្លែងក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ហួត ​ហាក់ បាន​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដែល​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ ​«​រដូវ​កាល​បៃតង​» ​ចាប់​តាំងពី​ឆ្នាំ​២០២៥ ​និង​បន្ត​ពង្រឹង​សកម្មភាព​ក្នុង​ឆ្នាំ​២០២៦​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ទេសចរណ៍​ ​ក្នុង​ការ​ប្រែក្លាយ ​«​រដូវ​កាល​ភ្ញៀវ​តិច​» ទៅ​ជា​ ​«​រដូវកាល​បៃតង​» ​ដើម្បី​លើកកម្ពស់​ទស្សនៈ​វិជ្ជមាន ​និង​ជំរុញ​សក្តានុពល​ទេសចរណ៍​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​និង​ប្រជា​ពលរដ្ឋ​ ​បន្ត​សហការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុង​ស្រុក​ ​ស្វែងយល់​ពី​គោលដៅ​ទេសចរណ៍​ថ្មី​ៗ ព្រមទាំង​គាំទ្រ​ផលិតផល​ ​និង​សេវាកម្ម​ទេសចរណ៍​របស់​សហគមន៍​ ​ដើម្បី​រួមគ្នា​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដែល​ភ្ញៀវ​អាច​មក​ទស្សនា​បាន​គ្រប់​រដូវ​កាល​ ​និង​ចង់​ត្រឡប់​មក​ទស្សនា​ម្តង​ហើយ​ម្តង​ទៀត​។

​របាយការណ៍ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា​ ​ក្នុង​រយៈពេល​ ៦ ​ខែ ​ចាប់​ពី​ខែ​ឧសភា ​ដល់​ខែ​តុលា ​ឆ្នាំ​ ២០២៦ ​ភ្ញៀវ​ទេសចរ​ជាតិ​បាន​ធ្វើដំណើរ​កម្សាន្ត​សរុប​ប្រមាណ​ ​១០​,​៨៩​ លាន​នាក់​ ​កើនឡើង​ ​១៦​%​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៥​។ ​កំណើន​នេះ​បង្ហាញ​ពី​ភាព​រស់រវើក​នៃ​សកម្មភាព​ទេសចរណ៍​ ការ​កើនឡើង​នៃ​ព្រឹត្តិការណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​និង​ការ​ចូលរួម​កាន់តែ​សកម្ម​ពី​វិស័យ​ឯកជន ​និង​ប្រជា​ពលរដ្ឋ​។

​តាមរយៈ​លទ្ធផល​ដែល​សម្រេចបាន​ ​ក្រសួង​ទេសចរណ៍​ ​និង​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ពង្រឹង​កិច្ច​សហការ​ក្នុង​ការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុង​ស្រុក​ ​និង​លើកកម្ពស់​ភាព​ទាក់ទាញ​នៃ​គោលដៅ​ទេសចរណ៍​នានា ​ដើម្បី​បន្ត​រក្សា​សន្ទុះ​ទេសចរណ៍​ ​និង​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដែល​អាច​ទទួល​ភ្ញៀវ​បាន​ពេញ​មួយ​ឆ្នាំ​៕

អត្ថបទ៖ ប៊ី