
ភ្នំពេញ៖ ឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី បានបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញវិនិយោគិនអាម៉េរិកឱ្យមកស្វែងយល់ពីសក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម Christopher Anderson និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះការតែងតាំងឯកឧត្តម Christopher Anderson ជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញសុទិដ្ឋិនិយមថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិកនឹងកាន់តែប្រសើរឡើង ព្រមទាំងជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាជាប្រទេសដំបូងគេដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) ជាមួយសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបង្ហាញកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិកមានទំហំសរុប ១៣,៨២ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិកក្នុងទំហំ ១៣,២៧ ពាន់លានដុល្លារ កើនឡើង ២៧,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកមកកម្ពុជាមានទំហំជិត ៥៥០ លានដុល្លារ កើនឡើង ៦៨,២%។
បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់បរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេសការសម្រួលនីតិវិធី និងការផ្តល់សេវាសម្របសម្រួលវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយ។
ក្នុងជំនួបដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)។
ជាការឆ្លើយតប ឯកឧត្តម Christopher Anderson បានថ្លែងអំណរគុណចំពោះឯកឧត្តម ស៊ុន ចាន់ថុល ដែលបានឆ្លៀតពេលទទួលជួបពិភាក្សាការងារ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិក ដែលកំពុងស្ថិតក្នុងកម្រិតខ្ពស់។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ពីការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ និងបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការងារអាទិភាពមួយចំនួន ដោយផ្តោតលើសារៈសំខាន់នៃវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ចនាពេលអនាគត។ កិច្ចពិភាក្សានេះមានគោលដៅជំរុញពាណិជ្ជកម្មទ្វេភាគី បង្កើតឱកាសវិនិយោគថ្មីៗ និងនាំមកនូវផលប្រយោជន៍រួមដល់ប្រទេស និងប្រជាជនទាំងពីរ៕
អត្ថបទ៖ ប៊ី









