កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែង ១២០ គីឡូម៉ែត្រ តភ្ជាប់ខេត្ត ៣

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បាន​ប្រកាស​ពី​ការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែងប្រមាណ ១២០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់ខេត្តកណ្ដាល កំពង់ឆ្នាំង និង​ពោធិ៍សាត់ ក្រោម​គម្រោងដែលទទួលបានឥណទាន ១៨៣ លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

តាមដានជាមួយយើង៖ Million Times

គម្រោងនេះអនុវត្តដោយអគ្គិសនីកម្ពុជា ដោយរួមមានការសាងសង់អនុស្ថានីយថ្មីចំនួនពីរ និងការពង្រីកសមត្ថភាពអនុស្ថានីយដែលមានស្រាប់ ២ បន្ថែមទៀត។ លោក កែវ រតនៈ បានថ្លែង​នៅ​ថ្ងៃ ១៨ វិច្ឆិកា ថា៖ «គោលដៅនៃការសាងសង់នេះ គឺទីមួយ ដើម្បី​ភ្ជាប់​ការ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែលជាថាមពលស្អាត ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ មកជូនបណ្ដាញជាតិ ដើម្បី​ចែកចាយ​ទូទាំង​ប្រទេស»។

រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល បាន​បន្ថែម​ទៀត​ថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុង​មាន​ការ​សាងសង់​គម្រោង​ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​មាន​សមត្ថភាព​ផលិត​អគ្គិសនី​សរុបជាង ១ ១០០ មេហ្គាវ៉ាត់ ជា​គម្រោង​ថាមពល​បៃតង​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន។

គម្រោង​ថាមពល​បៃតង​នេះ​នឹង​រួម​ចំណែក​ជួយ​កម្ពុជា​សម្រេច​គោលដៅ​ប្រើប្រាស់​ថាមពល​ស្អាត​យ៉ាងតិច ៧០% នៅឆ្នាំ ២០៣០ ខណៈ​បច្ចុប្បន្ន អគ្គិសនី​ប្រមាណ ៦៣ ភាគរយ​បាន​មក​ពី​ប្រភព​ថាមពល​ស្អាត រួម​មាន​វារីអគ្គិសនី ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​ជីវម៉ាស។ គោលដៅ​ទី២ ការសាងសង់ខ្សែបញ្ជូន និងអនុស្ថានីយនេះ ក៏សំដៅទៅលើការពង្រឹងស្ថិរភាពរបស់បណ្ដាញជាតិ មានន័យថា ប្រព័ន្ធបណ្ដាញជាតិរបស់យើងកំពុងតែធ្វើការអភិវឌ្ឍជាបន្ត ដើម្បីធ្វើឱ្យតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម តំបន់កសិកម្ម និង​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ដាច់​ភ្លើង​តិច​ទៅ​ៗ​នៅ​ថ្ងៃ​អនាគត។

លោក​បន្ត​ថា ការ​ពង្រឹង​សមត្ថភាព​បណ្ដាញ​អគ្គិសនី​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​ធានា​ដល់​ដំណើរ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ប្រទេស ខណៈ​តម្រូវការ​អគ្គិសនី​កំពុង​កើន​ឡើង​ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច។

​លោក កែវ រតនៈ គោលដៅទី ៣ នៃ​ការ​សាងសង់​ការ​តភ្ជាប់​នេះ​គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​ថ្មីៗ ជាពិសេស​នៅ​តាម​តំបន់​ដែល​ខ្សែ​បញ្ជូន​អគ្គិសនី​ឆ្លងកាត់។ លោក​បាន​លើក​ឧទាហរណ៍​ថា នៅ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​មាន​កម្មករជាង ៥ ម៉ឺន​នាក់​កំពុង​ធ្វើការ​នៅ​តាម​រោងចក្រ​នានា។

ការ​ពង្រីក​ថាមពល​សម្រាប់​ស្រុក​កំពង់ត្រឡាច​បន្ថែម​នៅ​ក្នុងក្របខណ្ឌនៃគម្រោងនេះ នឹង​ធ្វើឲ្យ​បណ្ដា​រោងចក្រ សហគ្រាស​អាច​រីកចម្រើន​បន្ថែម​ទៀត ដែល​អាច​យក​កម្មករ​យើង​ដល់​ជាង​មួយ​សែន​នាក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

លោក​បាន​បញ្ជាក់​ទៀតថា អគ្គិសនី​ដែល​បញ្ចូល​ទៅ​ក្នុង​បណ្ដាញ​ជាតិ​នឹង​មិន​ត្រឹម​តែ​បម្រើ​តម្រូវ​ការ​នៅ​ខេត្ត​ទាំង ៣ ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍ កសិកម្ម និង​ឧស្សាហកម្មនៅតាមខេត្តផ្សេងៗទៀតដែលតភ្ជាប់ជាមួយបណ្ដាញជាតិផងដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Keo Rottanak