
ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ជុភីធើរ ឯ.ក (SchneiTec Jupiter Co., Ltd.) ដោយសម្រេចបានការកៀរគរទុនរយៈពេលវែងប្រមាណ ១០០ លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលស្អាតនៅកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រីនៃប្រទេសលុចសំបួរ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងតំណាងវិស័យឯកជនជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ាន សាហ៊ីប បានអបអរសាទរដល់គណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន SchneiTec Jupiter ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហេង សុជាតិ ដែលបានបំពេញតាមលក្ខខណ្ឌ និងនីតិវិធីចុះបញ្ជី រហូតសម្រេចបានការកៀរគរទុនរយៈពេលវែងប្រមាណ ១០០ លានដុល្លារអាម៉េរិក តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង។
ឯកឧត្តមបានចាត់ទុកការចុះបញ្ជីនេះថា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍទីផ្សារមូលធន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន។
ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចបានគោលដៅអភិវឌ្ឍន៍ទាំងនេះតម្រូវឱ្យមានការវិនិយោគទុនច្រើន ខណៈដែលថវិការដ្ឋតែមួយមុខមិនអាចបំពេញតម្រូវការទាំងអស់បាននោះទេ។ ដូច្នេះ ការកៀរគរទុនពីវិស័យឯកជនតាមរយៈទីផ្សារមូលធន ជាពិសេសការបោះផ្សាយសញ្ញាបណ្ណតាមវិស័យ (Thematic Bonds) គឺជាមធ្យោបាយសំខាន់ក្នុងការភ្ជាប់ប្រភពទុនរយៈពេលវែងទៅកាន់គម្រោងដែលមានផលប៉ះពាល់វិជ្ជមានដល់បរិស្ថាន និងសង្គម។
ឯកឧត្តមបានបន្ថែមថា ការបោះផ្សាយសញ្ញាបណ្ណរបស់ក្រុមហ៊ុន SchneiTec Jupiter មិនត្រឹមតែជាការកៀរគរទុនសម្រាប់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចបៃតង តាមរយៈការបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារបៃតង និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងឱកាសនោះ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រីលុចសំបួរ បានមានប្រសាសន៍ថា ក្នុងនាមជាមជ្ឈមណ្ឌលសកលសម្រាប់ឧបករណ៍សញ្ញាបណ្ណប្រកបដោយចីរភាព រដ្ឋាភិបាលលុចសំបួរមានសេចក្តីសោមនស្សរីករាយដែលបានឃើញកិច្ចសហប្រតិបត្តិការនៅកម្ពុជា តាមរយៈវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក្នុងការភ្ជាប់មហិច្ឆតាថាមពលស្អាតរបស់កម្ពុជាទៅនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយចីរភាព។
ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា ការបោះផ្សាយសញ្ញាបណ្ណនេះនឹងជួយពង្រឹងទំនុកចិត្តរបស់ធុរជន និងវិនិយោគិន ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជាដែលកំពុងអភិវឌ្ឍ។
ជាមួយគ្នានេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីមានសេចក្តីសោមនស្សដែលបានសហការជាមួយនិយ័តករមូលបត្រកម្ពុជា (SERC) ក្នុងការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងបានរួមចំណែកក្នុងការបោះផ្សាយសញ្ញាបណ្ណដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមបានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនកាន់តែច្រើនយកគំរូតាមការបោះផ្សាយនេះ ដោយប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដើម្បីគាំទ្រដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត សំដៅជំរុញកំណើនប្រកបដោយចីរភាព សន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
ដោយឡែក ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍបៃតងជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការលើកកម្ពស់គុណភាពបរិស្ថាន និងសន្តិសុខថាមពលជាតិ។
លោកបានចាត់ទុកការចុះបញ្ជីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន SchneiTec Jupiter ថាជាសមិទ្ធផលសំខាន់មួយ ដែលចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ការផលិតថាមពលកកើតឡើងវិញ និងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនី។
ចំណែកឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា សមិទ្ធផលនេះបង្ហាញពីការបន្តបំពេញបេសកកម្មរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការគាំទ្រដល់ការកៀរគរទុនរយៈពេលវែងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីអភិវឌ្ឍអាជីវកម្ម រួមចំណែកដល់ការផ្គត់ផ្គង់ថាមពលស្អាត និងប្រកបដោយចីរភាព ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមក៏បានអំពាវនាវឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ព្រមទាំងក្រុមហ៊ុនអន្តរជាតិដែលមានសក្តានុពល និងបំពេញតាមលក្ខខណ្ឌចុះបញ្ជី ពិចារណាប្រើប្រាស់ទីផ្សារមូលបត្រកម្ពុជាជាប្រភពកៀរគរទុនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន SchneiTec Jupiter បានថ្លែងអំណរគុណដល់និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី និងដៃគូពាក់ព័ន្ធនានា ចំពោះការគាំទ្រដែលបានរួមចំណែកដល់ការសម្រេចបានសមិទ្ធផលនេះ។ លោកបានលើកឡើងថា សញ្ញាបណ្ណនេះបង្ហាញពីរបៀបដែលហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍អាចជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតខ្នាតធំ ព្រមទាំងរួមចំណែកដល់សន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍវិស័យមូលបត្រកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំ មានតម្លាភាព និងទទួលបានទំនុកចិត្តខ្ពស់ តាមរយៈយុទ្ធសាស្ត្រស្នូលចំនួន៥ រួមមាន ការពង្រឹងក្របខ័ណ្ឌគតិយុត្ត និងអភិបាលកិច្ចសាជីវកម្មឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងហិរញ្ញវត្ថុបៃតង ការលើកទឹកចិត្តក្រុមហ៊ុនបោះផ្សាយ និងពង្រីកមូលដ្ឋានវិនិយោគិន ការជំរុញបរិវត្តកម្មឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការយល់ដឹងជាសាធារណៈអំពីការវិនិយោគក្នុងវិស័យមូលបត្រ។
ការចុះបញ្ជីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងនេះ ត្រូវបានចាត់ទុកថាជាការបោះជំហានមួយក្នុងការប្រើប្រាស់ទីផ្សារមូលធន ដើម្បីកៀរគរប្រភពទុនរយៈពេលវែងពីវិស័យឯកជន មកគាំទ្រដល់ការវិនិយោគលើថាមពលស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕







