ក្រុមហ៊ុន​ពីរ​ចាប់​ដៃ​គ្នា​ នាំយក​សេវា​ការពារ​សន្តិសុខ​សាយប័រ​កម្រិត​ពិភពលោក​ទៅ​ដល់​គ្រួសារ​កម្ពុជា​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ មេគង្គណិត ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​មាន​បទពិសោធន៍​យូរ​ឆ្នាំ​មួយ​នៅ​កម្ពុជា ​និង​ក្រុមហ៊ុន​ ​Bitdefender ​ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ពិភពលោក​ក្នុង​វិស័យ​សន្តិសុខ​សាយប័រ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ ​(​MoU​)​ ​ដើម្បី​នាំយក​ដំណោះស្រាយ​ការពារ​សន្តិសុខ​ឌីជី​ថល​ទៅ​ដល់​អតិថិជន​អ៊ីនធឺណិត​តាម​ផ្ទះ​នៅ​កម្ពុជា​។

ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើឡើង ​ក្នុង​ពិព័រណ៍ FrancoTech ​2026 ​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ​ ​ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​កាលពី​ថ្ងៃ​ទី​១៤​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។

​កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រីក​សេវា​សន្តិសុខ​សាយប័រ​របស់​ មេគង្គណិត ​ពី​ការ​ផ្ដល់​សេវា​សម្រាប់​អាជីវកម្ម ​និង​ស្ថាប័ន​ ​ទៅ​ដល់​គ្រួសារ​នានា ​ដោយ​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ផ្ទះ​ទទួល​បាន​ដំណោះស្រាយ​ការពារ​កុំព្យូទ័រ ​ទូរស័ព្ទ​ ​ទិន្នន័យ​ផ្ទាល់ខ្លួន ​និង​ឯកជនភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​។

យោង​តាម​របាយការណ៍​ ​DataReportal ​បច្ចុប្បន្ន​ ​ប្រជាជន​ជាង​ ​១២​ លាន​នាក់​នៅ​កម្ពុជា​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​ ​ខណៈ​ការ​សិក្សា​ ​ការងារ​ ​សេវា​ធនាគារ​ ​និង​ការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​ ​កំពុង​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​នានា​។ ​ក្នុង​បរិបទ​នេះ​ ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​មាន​គោលដៅ​នាំយក​ការ​ការពារ​សន្តិសុខ​ឌីជីថល​ដែល​អាជីវកម្ម​ប្រើប្រាស់​ ​មក​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​តាម​គេហដ្ឋាន​ផងដែរ​។

កិច្ច​សហការ​នេះ​ក៏​គាំទ្រ​ដល់​ការ​អនុវត្ត​ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌីជីថល​កម្ពុជា​ ​២០២១​-​២០៣៥ ​ដែល​បាន​កំណត់​ការ​កសាង​ភាព​ជឿជាក់​ ​និង​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ឌីជីថល ជា​គោលដៅ​ចម្បង​មួយ​ក្នុង​ចំណោម​គោលដៅ​ទាំង​ប្រាំ​។​

​តាមរយៈ​អនុស្សរណៈ​នេះ​ ​មេគង្គណិត នឹង​ផ្ដល់​ផលិតផល​សន្តិសុខ​សាយប័រ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​របស់​ Bitdefender ​ដែល​ដំណើរការ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជួយ​ការពារ​ឧបករណ៍​ឌីជីថល ​និង​ទិន្នន័យ​ឯកជន​។ ​ដំណោះស្រាយ​ទាំងនេះ​មាន​កញ្ចប់​សេវា​សម្រាប់​បុគ្គល​ ​និង​គ្រួសារ​។

​ផលិតផល​របស់​ Bitdefender ​ក៏​ទទួល​បាន​ពានរង្វាន់​ AV-T​EST ​ឆ្នាំ​២០២៥ ​ក្នុង​ប្រភេទ​ Best Protection​,​ Best ​macOS Security ​និង​ Best ​Android Security ​ផងដែរ​។ ​ចំណែក​ Mekong​Net ​នឹង​ប្រកាស​ព័ត៌មាន​លម្អិត​អំពី​កញ្ចប់​សេវា​សម្រាប់​គេហដ្ឋាន​ តម្លៃ ​និង​កាលបរិច្ឆេទ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​។

​លោក​ស្រី​ សុខ ​ចាន់​ដា ​នាយិកា​ប្រតិបត្តិ ​(​CEO​)​ ​ប្រចាំ​កម្ពុជា​នៃ​ក្រុមហ៊ុន​ ​មេគង្គណិត ​មានប្រសាសន៍​ថា​ ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​មក​នេះ​ ​Mekong​Net ​បាន​ដើរ​តួនាទី​ក្នុង​ការ​តភ្ជាប់​គេហដ្ឋាន​នានា​នៅ​កម្ពុជា​ ​ហើយ​បច្ចុប្បន្ន​ ​គ្រួសារ​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​ការ​សិក្សា​ ការងារ​ ​និង​សកម្មភាព​ប្រចាំ​ថ្ងៃ ​ដែល​តម្រូវឱ្យ​មាន​ការ​ការពារ​សុវត្ថិភាព​ឌីជីថល​ដូចគ្នា​នឹង​វិស័យ​អាជីវកម្ម​។

​លោក​ស្រី​បន្ត​ថា​៖​ «​ជាមួយ​ ​Bitdefender ​យើង​កំពុង​នាំយក​ការ​ការពារ​កម្រិត​ពិភពលោក​ចូល​ទៅក្នុង​គេហដ្ឋាន​កម្ពុជា ​ដែល​ងាយស្រួល​ដំឡើង​ ​និង​មាន​ការ​គាំទ្រ​ពី​ក្រុមការងារ​របស់​យើង​ផ្ទាល់ ​ដើម្បីឱ្យ​គ្រប់​គ្រួសារ​អាច​រីករាយ​នឹង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ក្ដី​ស្ងប់ចិត្ត​»​។

​ដោយឡែក​ តំណាង​ក្រុមហ៊ុន​ ​Bitdefender ​បាន​លើកឡើង​ថា​ ​គ្រួសារ​កម្ពុជា​កំពុង​ទទួល​យក​ការ​រស់នៅ​ក្នុង​យុគសម័យ​ឌីជីថល ​ហើយ​ត្រូវការ​ដំណោះស្រាយ​ការពារ​ដែល​អាច​ទុកចិត្ត​បាន​។ ​ភាព​ជា​ដៃគូ​ជាមួយ​ ​មេគង្គណិត ​នឹង​ជួយ​នាំយក​ផលិតផល​ការពារ​សន្តិសុខ​សាយប័រ​ដែល​ទទួល​បាន​ពានរង្វាន់​របស់​ Bitdefender ​ទៅ​ដល់​គេហដ្ឋាន​នានា​ទូទាំង​ប្រទេស​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​ការងារ​ក្នុង​ស្រុក​។

​គួរ​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​រវាង​ មេគង្គណិត ​និង​ Bitdefender ​នេះ​ ​ក៏​បំពេញ​បន្ថែម​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ Mekong​Net ​និង​ក្រុមហ៊ុន​ VN​PT ​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ព្រឹត្តិការណ៍​ដដែល​ ​ដោយ​ផ្ដោត​លើ​ការ​ផ្ដល់​សេវា​ប្រតិបត្តិការ​សន្តិសុខ​សាយប័រ​ ​២៤​ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​និង​ ៧ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ​សម្រាប់​អាជីវកម្ម ​និង​ស្ថាប័ន​នានា​។ ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​នឹង​ពង្រីក​វិសាលភាព​សេវា​សន្តិសុខ​សាយប័រ​របស់​ ​មេគង្គណិត ទាំង​សម្រាប់​អាជីវកម្ម ​និង​គេហដ្ឋាន​។

ពិព័រណ៍​ F​rancoTech ​2026 ​រៀបចំរួម​គ្នា​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ​និង​ក្រសួង​កិច្ចការ​នារី ​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។ ពិធី​ចុះ​ហត្ថលេខា​នេះ​ក៏​បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស​សមាជិក​អង្គការ​ហ្វ្រង់​កូហ្វូនី​ទាំង​ពីរ ​គឺ​កម្ពុជា​ ​និង​រូម៉ានី ​ដែល​ជា​ប្រទេស​កំណើត​របស់​ក្រុមហ៊ុន​ ​Bitdefender ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០១​៕

តាមដានជាមួយយើង៖ Million Times