FrancoTech 2026 ទាក់ទាញអ្នកចុះឈ្មោះជិត ៣ ម៉ឺននាក់ មកពី ១០៦ ប្រទេស

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ ព្រឹត្តិការណ៍ FrancoTech 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានទាក់ទាញអ្នកចុះឈ្មោះចូលរួមចំនួន ២៨.១២៤នាក់ មកពី ១០៦ប្រទេស និងរំពឹងថានឹងមានអ្នកទស្សនាសរុបប្រមាណ ៣០.០០០នាក់ ក្នុងរយៈពេល ៣ ថ្ងៃនៃការរៀបចំពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆកា។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងដូច្នេះ នៅក្នុងពិធីបើកព្រឹត្តិការណ៍ FrancoTech 2026 កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានកម្មវិធីស្នូលចំនួន ៥ រួមមាន កិច្ចពិភាក្សាតុមូល ពិព័រណ៍នវានុវត្តន៍ឌីជីថល ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល វេទិកាវិនិយោគ និងកម្មវិធីផ្គូផ្គងដៃគូធុរកិច្ច។

សម្រាប់កិច្ចពិភាក្សាតុមូល រួមទាំងវេទិកាថ្នាក់រដ្ឋមន្ត្រី បានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៧ ដោយមានវាគ្មិនគន្លឹះ អ្នកសម្របសម្រួល និងវាគ្មិនចូលរួមកិច្ចពិភាក្សាជាក្រុមសរុប ៦៤រូប មកពី ១៥ប្រទេស។

ចំណែកពិព័រណ៍នវានុវត្តន៍ឌីជីថល មានស្តង់ចំនួន ១៥៩ និងបញ្ជរចំនួន ៥២ ដោយមានការចូលរួមពីសហគ្រាសបច្ចេកវិទ្យា ធុរកិច្ចបង្កើតថ្មីផ្នែកឌីជីថល និងស្ថាប័ននានាសរុបចំនួន ៣១៦។

ជាមួយគ្នានេះ ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ទទួលបានពាក្យស្នើសុំចូលរួមចំនួន ៣៨១ ពីធុរកិច្ចបង្កើតថ្មីផ្នែកឌីជីថលមកពី ២៧ប្រទេស ក្នុងនោះមាន ១៦ក្រុមបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ព្រឹត្តិការណ៍ FrancoTech 2026 គឺជាព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ A-F រាជធានីភ្នំពេញ។

ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។

FrancoTech 2026 ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូពាក់ព័ន្ធ៕

អត្ថបទ៖ ប៊ី