
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យស្ថាប័នផ្តល់ឥណទានប្រើប្រាស់របាយការណ៍លំហូរសាច់ប្រាក់ និងទិន្នន័យប្រតិបត្តិការអាជីវកម្មឱ្យបានទូលំទូលាយ ដើម្បីរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការជាក់ស្តែងរបស់អាជីវកម្មខ្នាតតូច និងជួយឱ្យពួកគេពង្រីកសមត្ថភាពផលិតកម្ម។
ថ្លែងក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា អាជីវកម្មខ្នាតតូចមានតម្រូវការហិរញ្ញប្បទានខុសៗគ្នា ទៅតាមប្រភេទសកម្មភាពអាជីវកម្ម ដូច្នេះការផ្តល់ឥណទានគួរតែឆ្លើយតបនឹងលក្ខណៈ និងវដ្តប្រតិបត្តិការរបស់អាជីវកម្មនីមួយៗ។
ឯកឧត្តមបានលើកឧទាហរណ៍ថា អ្នកផលិតអាហារត្រូវការទុនបង្វិលក្នុងអំឡុងពេលរង់ចាំការទូទាត់ ខណៈសិប្បកម្មត្រូវការពេលវេលាសងប្រាក់កម្ចីដែលបានប្រើសម្រាប់ទិញគ្រឿងម៉ាស៊ីន។ ចំណែកក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបបង្កើតថ្មី អាចត្រូវការកៀរគរទុនពីវិនិយោគិន មុនពេលមានលទ្ធភាពទទួលបានឥណទានពីស្ថាប័នហិរញ្ញវត្ថុ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រើប្រាស់របាយការណ៍អាជីវកម្ម និងកំណត់ត្រាទូទាត់ឌីជីថល អាចជួយឱ្យស្ថាប័នផ្តល់ឥណទានវាយតម្លៃសមត្ថភាពសងប្រាក់របស់អ្នកខ្ចីបានកាន់តែច្បាស់លាស់។ ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុគួរពិចារណាលើជម្រើសហិរញ្ញប្បទានផ្សេងៗ រួមមាន ការបង់រំលោះគ្រឿងម៉ាស៊ីន ហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ ឬការបញ្ជាទិញ និងការធានាឥណទាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អាជីវកម្ម។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកយកប្រព័ន្ធទូទាត់បាគង ជាឧទាហរណ៍នៃនវានុវត្តន៍ហិរញ្ញវត្ថុរបស់កម្ពុជា ដោយអាជីវករអាចប្រើប្រាស់កូដ QR តែមួយ ដើម្បីទទួលការទូទាត់ពីអតិថិជនដែលប្រើប្រាស់សេវារបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។
ឯកឧត្តមបានបញ្ជាក់ថា ហិរញ្ញប្បទានអាចផ្តល់ផលប្រយោជន៍កាន់តែច្រើន នៅពេលអាជីវកម្មមានជំនាញបច្ចេកទេស ប្រើប្រាស់បច្ចេកវិទ្យា មានផលិតផលប្រកបដោយគុណភាព និងមានអតិថិជនគាំទ្រ ដែលជាកត្តាជួយឱ្យអាជីវកម្មប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុពង្រឹងសុវត្ថិភាពប្រតិបត្តិការ បង្ហាញថ្លៃសេវាឱ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាដោយយុត្តិធម៌ ដើម្បីពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើប្រព័ន្ធទូទាត់ឌីជីថល។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល Black Swan Summit Cambodia ត្រូវបានសហការរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី តាមរយៈកិច្ចសហការលើការទូទាត់ឆ្លងដែន និងសេវាហិរញ្ញវត្ថុឌីជីថល៕
អត្ថបទ៖ ប៊ី








