ប្រទេសកម្ពុជាបានចូលរួមជាមួយអាមេរិក និងប្រទេសដៃគូ ៥៤ ផ្សេងទៀត នៅជុំវិញពិភពលោក ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីភាពជាដៃគូ សម្រាប់ឱកាសក្នុងវិស័យបញ្ញាសិប្បនិម្មិត ដោយបង្ហាញចក្ខុវិស័យរួមក្នុងការជំរុញអនាគតនៃបញ្ញាសិប្បនិម្មិតពិសេស (Super Intelligence ឬ SI) ផ្អែកលើកិច្ចសហប្រតិបត្តិការដែលអាចទុកចិត្តបាន សន្តិសុខសេដ្ឋកិច្ច នវានុវត្តន៍ និងការប្រកួតប្រជែងដោយយុត្តិធម៌។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើសេចក្ដីថ្លែងការណ៍រួមនេះ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចូលរួមជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្ពុជាបានចូលរួមជាមួយអាមេរិក និងប្រទេសដៃគូ ក្នុងការជំរុញវិធីសាស្ត្រដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ក្នុងវិស័យបញ្ញាសិប្បនិម្មិតពិសេស ដោយផ្ដោតលើអាទិភាពរួម ដូចជា ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ការជំរុញការចូលរួមពីវិស័យឯកជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលនឹងដើរតួនាទីជាកម្លាំងចលករសម្រាប់សតវត្សរ៍ខាងមុខ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីររំពឹងថា នឹងរួមគ្នាកសាងអនាគតនៃបញ្ញាសិប្បនិម្មិតពិសេស ដែលបម្រើផលប្រយោជន៍ប្រជាជន ពង្រឹងសេដ្ឋកិច្ច និងផ្តល់ឱកាសកាន់តែច្រើនដល់សហគ្រិនភាព នវានុវត្តន៍ ព្រមទាំងការគោរពនីតិរដ្ឋ៕



អត្ថបទ៖ ឆដា, រូបភាព៖ U.S. Embassy Phnom Penh, Cambodia






