
បរទេស៖ ហាងលក់ទំនិញ 7-Eleven នៅក្រុងកំពត ត្រូវបានរាយការណ៍ថាបានបិទទ្វារហើយ ចំពេលយុទ្ធនាការធ្វើពហិការមិនគាំទ្រផលិតផលថៃនៅកម្ពុជាបន្តមានឥទ្ធិពលលើឥរិយាបថអ្នកប្រើប្រាស់ និងអាជីវកម្មដែលមានទំនាក់ទំនងជាមួយម៉ាកយីហោថៃ។ នេះបើយោងតាមសារព័ត៌មាន Thaiger របស់ថៃចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការបិទហាងនេះ ត្រូវបានលើកឡើងតាមរយៈការបង្ហោះលើបណ្ដាញសង្គមរបស់ជនបរទេសម្នាក់ដែលរស់នៅក្រុងកំពត ហើយការបង្ហោះនោះត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។ បុគ្គលរូបនេះបានសម្ដែងការសោកស្ដាយចំពោះការបិទហាង ដោយលើកឡើងថា លោកយល់ពីមូលហេតុដែលប្រជាពលរដ្ឋកម្ពុជាងាកចេញពីការប្រើប្រាស់ផលិតផលថៃ ប៉ុន្តែបានចោទជាសំណួរថា តើការបាត់បង់ម៉ាកយីហោដែលមានវត្តមានយូរមកហើយ និងជម្រើសរបស់អ្នកប្រើប្រាស់ អាចជួយដល់សេដ្ឋកិច្ចក្នុងស្រុកបានយ៉ាងដូចម្ដេច។
លោកបានបន្ថែមថា ហាង 7-Eleven នេះបានចាប់ផ្ដើមមានទំនិញនៅលើធ្នើរលក់តិចតួច ក្រោយពីផលិតផលថៃត្រូវបានដកចេញពីការដាក់លក់។
សម្រាប់ខ្សែសង្វាក់អាជីវកម្ម 7-Eleven នៅកម្ពុជា ត្រូវបានដំណើរការដោយក្រុមហ៊ុន CP All (Cambodia) ដែលជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Charoen Pokphand Group របស់ប្រទេសថៃ។ ការធ្វើពហិការផលិតផលថៃនៅកម្ពុជាបានចាប់ផ្ដើមកាន់តែខ្លាំង បន្ទាប់ពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានផ្ទុះឡើងជាថ្មីនៅចុងខែកក្កដា ឆ្នាំ២០២៥។
ក្រៅពី 7-Eleven ម៉ាកយីហោថៃផ្សេងទៀតក៏រងផលប៉ះពាល់ផងដែរ។ តាមសេចក្ដីរាយការណ៍ ដោយដកស្រង់ប្រភពពីសារព័ត៌មាន The Nation ការលក់ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន PTT នៅកម្ពុជាបានធ្លាក់ចុះពី ៥០ ទៅ ៦០ ភាគរយ ខណៈចំនួនស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនបានថយចុះពីប្រមាណ ២០០ ស្ថានីយ មកនៅត្រឹមប្រមាណ ១៥០ ស្ថានីយ។
យ៉ាងណាក៏ដោយ មតិរបស់ប្រជាពលរដ្ឋចំពោះការធ្វើពហិការនេះនៅមានភាពខុសគ្នា។ អ្នកប្រើប្រាស់មួយចំនួនបានប្រាប់ថា ពួកគេចូលរួមក្នុងយុទ្ធនាការនេះ បន្ទាប់ពីប្រទេសថៃបានបិទច្រកព្រំដែន។ ផ្ទុយទៅវិញ អ្នកពាក់ព័ន្ធមួយចំនួន រួមទាំងម្ចាស់អាជីវកម្មសិទ្ធិផ្ដាច់មុខ 7-Eleven ក្នុងស្រុក បានបង្ហាញក្ដីបារម្ភថា ការធ្វើពហិការអាចប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់កម្មករ ព្រមទាំងម្ចាស់អាជីវកម្មជាជនជាតិខ្មែរ។
ទោះជាយ៉ាងនេះក្ដី ចំនួនហាង 7-Eleven ដែលនៅបន្តដំណើរការនៅកម្ពុជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ហើយក្រុមហ៊ុន CP All ក៏មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈពាក់ព័ន្ធនឹងបញ្ហានេះដែរ៕
អត្ថបទ៖ ប៊ី







