លោកស្រី សាន្ត ផាន់ណា ជាប់ជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្មរៀបចំ «ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​សមាជិក​ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង អាណត្តិទី១ លើកទី១» នៅ Maison du Cambodge ទីក្រុងប៉ារីស ប្រទេសបារាំង។

តាមដានជាមួយយើង៖ Million Times

ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព និងសុក្រឹតភាព។ ក្នុង​ចំណោម​អ្នកមាន​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោតសរុប ៤៣ នាក់ មានអ្នកចូលរួមបោះឆ្នោតចំនួន ៣២ នាក់ ស្មើ​ប្រមាណ ៧៤%។ លទ្ធផល លោកស្រី សាន្ត ផាន់ណា ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ការិយាល័យ​តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១។

ការ​បង្កើត​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំទីក្រុងប៉ារីស គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​វត្តមាន​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅ​លើឆាកអន្តរជាតិ ព្រមទាំង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ រវាង​កម្ពុជា បារាំង ព្រម​ទាំង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប។

ការិយាល័យតំណាងនេះនឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំង ២ តាមរយៈ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ធុរកិច្ច ការស្វែងរក និង​ភ្ជាប់​ដៃ​គូ​ពាណិជ្ជកម្ម ការ​ផ្សព្វផ្សាយ​ឱកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ការ​លើក​កម្ពស់​សក្ដានុពល​សេដ្ឋកិច្ច និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​នឹង​រួម​ចំណែក​ដល់​ការ​បង្កើត​កាលានុវត្តភាពថ្មីៗសម្រាប់ធុរជន និង​វិនិយោគិន​នៃ​ប្រទេស​ទាំង២ ។

ពិធី​នោះ បាន​ប្រព្រឹត្តទៅ​កាលពី ៣១ ខែ​តុលា ឆ្នាំ ២០២៦ ក្រោម​អធិបតីភាព​លោក បួន សារៈមុនី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ខ្ពង់ខ្ពស់ លោក​ស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្រម​ទាំង​មាន​ការ​អញ្ជើញ​រួម​ពី អ្នកឧកញ៉ា ឡាវ កាង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា តំណាង​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា, លោក ឡុង កុសល ឯកអគ្គរាជទូត​ប្រតិភូ អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ (UNESCO) លោកស្រី ឡាំ បញ្ចពរ អគ្គទីប្រឹក្សា​នៃ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំសាធារណរដ្ឋបារាំង តំណាងដ៏ខ្ពស់ខ្ពស់​លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង និង​សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងធុរជនកម្ពុជានៅទីក្រុងប៉ារីស ប្រទេស​បារាំង​ជាច្រើន​រូប។

កាលពី​ថ្ងៃ ១៦ ខែ​កញ្ញា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាលកម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​ស្តីពី​ការ​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង ដែល​ជា​មូលដ្ឋាន​សំខាន់ សម្រាប់​ការ​រៀបចំ និង​ដំណើរ​ការ​ការិយាល័យ​តំណាង​នេះ៕

អត្ថបទ៖ ឆដា, រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា