អ្នកជំនាញ៖ វិស័យដីធ្លីភ្នំពេញមិនមែនអត់ទីផ្សារទេ តែអ្នកលក់ និងអ្នកទិញកំពុងរង់ចាំគ្នា

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ ទីផ្សារដីធ្លីនៅរាជធានីភ្នំពេញ មិនមែនបាត់បង់តម្រូវការទាំងស្រុងនោះទេ ប៉ុន្តែភាពស្ងប់ស្ងាត់នៃការទិញលក់នាពេលបច្ចុប្បន្ន គឺបណ្តាលមកពីគម្លាតតម្លៃរវាងអ្នកលក់ និងអ្នកទិញ ដែលមិនទាន់អាចឈានដល់ការព្រមព្រៀងគ្នាបាន។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យដែលមានបទពិសោធន៍យូរឆ្នាំ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងថា បច្ចុប្បន្ននេះ មានមតិពីរផ្ទុយគ្នានៅក្នុងទីផ្សារអចលនទ្រព្យ ដោយអ្នកខ្លះយល់ថា ដីនៅភ្នំពេញលក់មិនចេញ និងគ្មានទីផ្សារ ខណៈអ្នកទិញវិញក៏ពិបាករកដីដែលមានតម្លៃទាបជាងទីផ្សារ ៤០% ទៅ ៥០% ផងដែរ។ ប៉ុន្តែតាមការយល់ឃើញរបស់អ្នកឧកញ៉ាបណ្ឌិត បញ្ហានេះមិនមែនដោយសារគ្មានទីផ្សារនោះទេ គឺដោយសារតម្លៃដែលអ្នកលក់ចង់បាន និងតម្លៃដែលអ្នកទិញចង់ទិញនៅមានគម្លាតឆ្ងាយពីគ្នា។

អ្នកជំនាញរូបនេះបានពន្យល់ថា មូលហេតុទីមួយ គឺម្ចាស់ដីភាគច្រើននៅតែចង់លក់ក្នុងតម្លៃចាស់ ដែលពួកគេធ្លាប់ទិញ ឬតម្លៃដែលធ្លាប់ឃើញដីនៅក្បែរនោះត្រូវបានលក់ក្នុងតម្លៃខ្ពស់។ ដូច្នេះ ប្រសិនបើម្ចាស់ដីមិនមានតម្រូវការសាច់ប្រាក់បន្ទាន់ទេ ពួកគេមិនសូវមានឆន្ទៈក្នុងការបញ្ចុះតម្លៃនោះឡើយ។

ផ្ទុយទៅវិញ អ្នកទិញបច្ចុប្បន្នមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវិនិយោគ ដោយបារម្ភពីស្ថានភាពសេដ្ឋកិច្ច ហានិភ័យនៃការលក់ចេញវិញ និងលទ្ធភាពខាតបង់។ ហេតុនេះ ពួកគេច្រើនចង់ទិញក្នុងតម្លៃទាបជាងទីផ្សារច្រើន ដើម្បីទុកចន្លោះសម្រាប់ប្រាក់ចំណេញ និងកាត់បន្ថយហានិភ័យនៃការវិនិយោគ។

មូលហេតុមួយទៀត គឺការរឹតបន្តឹងឥណទាន ដែលជះឥទ្ធិពលដល់លទ្ធភាពទិញដីរបស់ប្រជាពលរដ្ឋ។ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងថា អ្នកទិញដីមួយចំនួនពឹងផ្អែកលើកម្ចីពីធនាគារ។ នៅពេលការផ្តល់ឥណទានមានភាពតឹងរ៉ឹង អ្នកទិញក៏មានការថយចុះ ខណៈអ្នកដែលមិនមានសាច់ប្រាក់សុទ្ធគ្រប់គ្រាន់ ក៏មិនអាចសម្រេចចិត្តទិញបានដែរ ដែលធ្វើឱ្យសកម្មភាពទិញលក់ក្នុងទីផ្សារមានភាពស្ងប់ស្ងាត់។

ទោះជាយ៉ាងណា អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា ដីដែលមានទីតាំងល្អក្នុងក្រុង មានបណ្ណកម្មសិទ្ធិស្របច្បាប់ ផ្លូវធ្វើដំណើរងាយស្រួល និងនៅជិតផ្សារ សាលារៀន ឬមន្ទីរពេទ្យ នៅតែមានតម្រូវការពីអ្នកទិញ។ ដោយសារម្ចាស់ដីដឹងពីតម្លៃ និងអត្ថប្រយោជន៍នៃទីតាំងរបស់ខ្លួន ដីប្រភេទនេះមិនងាយត្រូវបានបញ្ចុះតម្លៃពី ៤០% ទៅ ៥០% ដូចការរំពឹងទុករបស់អ្នកទិញនោះទេ។

ចំណែកដីដែលស្ថិតនៅឆ្ងាយពីក្រុង មានផ្លូវធ្វើដំណើរមិនសូវល្អ មិនទាន់មានអ្នករស់នៅច្រើន ឬមានបញ្ហាភាពមិនច្បាស់លាស់លើបណ្ណកម្មសិទ្ធិ ជាប្រភេទដីដែលប្រឈមការលំបាកក្នុងការលក់ចេញ។ ក្នុងករណីម្ចាស់ដីត្រូវការសាច់ប្រាក់ ពួកគេអាចមានឆន្ទៈបញ្ចុះតម្លៃច្រើនជាងដីដែលមានទីតាំង និងឯកសារកម្មសិទ្ធិល្អ។

បន្ថែមពីនេះ កត្តាចិត្តវិទ្យាទីផ្សារក៏ជាផ្នែកមួយដែលធ្វើឱ្យការទិញលក់ដីមិនសូវមានសកម្មភាពផងដែរ។ អ្នកលក់រង់ចាំឱ្យទីផ្សារងើបឡើងវិញ ដើម្បីលក់ក្នុងតម្លៃដែលខ្លួនចង់បាន ខណៈអ្នកទិញវិញរង់ចាំឱ្យតម្លៃធ្លាក់ចុះបន្ថែម មុននឹងសម្រេចចិត្តទិញ។ ការរង់ចាំរបស់ភាគីទាំងពីរនេះ ធ្វើឱ្យទីផ្សារមើលទៅស្ងប់ស្ងាត់ ប៉ុន្តែមិនមានន័យថាទីផ្សារបានបាត់បង់សកម្មភាពទាំងស្រុងនោះទេ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានសន្និដ្ឋានថា ទីផ្សារដីធ្លីនៅភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំការសម្របសម្រួលតម្លៃរវាងអ្នកលក់ និងអ្នកទិញ។ ដរាបណាអ្នកលក់នៅតែចង់បានតម្លៃខ្ពស់ ហើយអ្នកទិញនៅតែចង់ទិញក្នុងតម្លៃទាបខ្លាំង ការទិញលក់ក៏ពិបាកនឹងកើតឡើង។

ដូច្នេះ បញ្ហាសំខាន់មិនមែនថា ដីនៅភ្នំពេញគ្មានទីផ្សារនោះទេ ប៉ុន្តែជាការមិនទាន់ជួបគ្នានៃការរំពឹងទុកលើតម្លៃរបស់អ្នកលក់ និងអ្នកទិញ ដែលជាកត្តាធ្វើឱ្យទីផ្សារអចលនទ្រព្យមើលទៅមានភាពស្ងប់ស្ងាត់នាពេលបច្ចុប្បន្ន៕

អត្ថបទ៖ ប៊ី