
សៀមរាប៖ ក្រុមហ៊ុនជាង ១០០ ក្នុងវិស័យទេសចរណ៍ បាននាំយកឱកាសការងារ និងកម្មសិក្សាជាង ៥,០០០ កន្លែង មកផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារនៅកម្ពុជា តាមរយៈ «វេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦» ដែលរំពឹងថានឹងមានអ្នកចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារដោយផ្ទាល់ប្រមាណ ៣,០០០ នាក់។
វេទិកានេះត្រូវបានរៀបចំឡើងជាលើកដំបូង ដោយមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើក កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងអ្នកស្វែងរកការងារប្រមាណ ៤០០ នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហួត ហាក់ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគមទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដែលបានសហការរៀបចំវេទិកា ព្រមទាំងចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ក្នុងការភ្ជាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ព្រមទាំងបង្កើតឱកាសឱ្យអ្នកស្វែងរកការងារបានជួប និងទំនាក់ទំនងដោយផ្ទាល់ជាមួយនិយោជក ដើម្បីទទួលបានការងារដែលសមស្របនឹងជំនាញ និងសមត្ថភាពរបស់ខ្លួន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍជំនាញមិនគួរបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលនោះទេ ប៉ុន្តែត្រូវជំរុញវប្បធម៌សិក្សាពេញមួយជីវិត និងការបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យអ្នកជំនាញអាចបន្តពង្រឹងសមត្ថភាព ស្របតាមការវិវត្តនៃឧស្សាហកម្មទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពសំខាន់ក្នុងការលើកកម្ពស់គុណភាពវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់មនុស្សជាអាទិភាពទី១ ដើម្បីកសាងធនធានមនុស្សប្រកបដោយជំនាញ សមត្ថភាពប្រកួតប្រជែង សីលធម៌ និងគុណធម៌។
បច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាល HoKa ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដើម្បីឱ្យជំនាញ និងបទពិសោធការងារទទួលបានការទទួលស្គាល់ជាផ្លូវការ ព្រមទាំងបង្កើតគន្លងអាជីពកាន់តែច្បាស់លាស់សម្រាប់អ្នកជំនាញទេសចរណ៍។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រីកវេទិកាផ្គូផ្គងការងារទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត ដូចជារាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះ ក៏ត្រូវជំរុញការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍ (CTPRS) និងយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីជួយឱ្យអ្នកជំនាញទទួលបានគុណវុឌ្ឍិស្របតាមស្តង់ដាជាតិ និងអាស៊ាន។
គួរបញ្ជាក់ថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប បានចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២ ដោយសហការជាមួយក្រសួងទេសចរណ៍ និងផ្តល់ការបណ្តុះបណ្តាលស្របតាមស្តង់ដាអាស៊ាន។ គិតមកដល់បច្ចុប្បន្ន សាលានេះបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាង ៦,០០០ នាក់៕
អត្ថបទ៖ ប៊ី








