
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងគណៈកម្មាធិការបម្រើក្វេគ័រអាមេរិកាំង (AFSC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ក្នុងគោលបំណងជួយកម្ពុជាកាត់បន្ថយហានិភ័យ និងថ្លៃដើមដែលអាចកើតមានពីបញ្ហាបរិស្ថាន ព្រមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក Abid Gulzar នាយកប្រចាំតំបន់អាស៊ី តំណាងអង្គការ AFSC ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម សាបូ អូហ្សាណូ បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ដែលកំណត់ទិសដៅអាទិភាពចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ដើម្បីឆ្ពោះទៅសម្រេចគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ នឹងជួយឱ្យកម្ពុជាត្រៀមខ្លួនទប់ទល់នឹងបញ្ហាប្រឈមបរិស្ថានដែលអាចកើតមាន កាត់បន្ថយហានិភ័យ និងចំណាយ ព្រមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍបៃតងក្នុងវិស័យសំខាន់ៗ រួមមាន ឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ព្រមទាំងវិស័យផ្សេងទៀតដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។
យោងតាមក្រសួងបរិស្ថាន កិច្ចសហប្រតិបត្តិការនេះមានគោលដៅបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំទូទៅស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំសម្រាប់អាជីវកម្មខ្សាច់តាមដងទន្លេមេគង្គ ព្រមទាំងបញ្ចប់នីតិវិធីពិនិត្យខ្លឹមសារឯកសារទាំងនេះ។
បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការនឹងជំរុញការចូលរួមរបស់សាធារណជន និងការកសាងសមត្ថភាពពាក់ព័ន្ធនឹង SEA ព្រមទាំងពង្រីកការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រទៅកាន់វិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។
ការជំរុញការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺជាផ្នែកមួយនៃការរៀបចំផែនការអភិវឌ្ឍន៍ដែលគិតគូរពីហានិភ័យបរិស្ថានជាមុន ស្របតាមទិសដៅរបស់ក្រសួងបរិស្ថានក្នុងការលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព៕
អត្ថបទ៖ ប៊ី









