ភ្នំពេញ៖ កម្ពុជា និងនូវែលសេឡង់ បានពិភាក្សាស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាថ្មី ថាមពលកកើតឡើងវិញ និងទេសចរណ៍ ខណៈឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ប្រចាំកម្ពុជា ប្ដេជ្ញាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ។
ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកជំទាវបានគូសបញ្ជាក់ថា នូវែលសេឡង់ និងកម្ពុជា គឺជាប្រទេសជាមិត្ត និងជាដៃគូយូរលង់ ហើយនូវែលសេឡង់មានមោទនភាពចំពោះការចូលរួមចំណែកគាំទ្រដល់ដំណើរការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកន្លងមក។
កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានលើកឡើងថាមានភាពល្អប្រសើរលើវិស័យសំខាន់ៗ រួមមាន ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងធនធានទឹក ការប្រែប្រួលអាកាសធាតុ បរិស្ថាន កសិកម្ម ការលើកកម្ពស់ស្ត្រី និងយុវជន ព្រមទាំងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានទទួលស្គាល់តួនាទីសំខាន់របស់កម្ពុជានៅក្នុងតំបន់ និងថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រដល់ការដំឡើងកម្រិតទំនាក់ទំនងនូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោកជំទាវបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ប្រចាំកម្ពុជា និងបានបង្ហាញជំនឿថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ សម្ដេចធិបតីក៏បានសម្ដែងការអរគុណចំពោះការរួមចំណែករបស់នូវែលសេឡង់ ក្នុងដំណើរការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់នូវែលសេឡង់ពាក់ព័ន្ធនឹងកងកម្លាំងរក្សាសន្តិភាព សម្រាប់បេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពអន្តរជាតិក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
ក្នុងជំនួបនេះ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យដែលមានសក្តានុពល។
វិស័យទាំងនោះរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការផ្ទេរបច្ចេកវិទ្យាថ្មី ថាមពលកកើតឡើងវិញ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ព្រមទាំងការតភ្ជាប់ប្រជាជន និងប្រជាជន។
មុនបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តកិច្ចសហការ និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕
អត្ថបទ៖ ប៊ី






