គម្រោងលើកកម្ពស់ដំណោះស្រាយសេដ្ឋកិច្ចចក្រានេះ រំពឹងថានឹងកាត់បន្ថយសំណល់ប្លាស្ទិក ១៩,០០០ តោនត្រឹមឆ្នាំ២០២៨

ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានសម្ពោធជាផ្លូវការគម្រោង «ការលើកកម្ពស់ដំណោះស្រាយសេដ្ឋកិច្ចចក្រា សម្រាប់វិស័យម្ហូបអាហារ និងភេសជ្ជៈ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិកនៅកម្ពុជា» ឬ «Plastic Reboot Cambodia» ដោយអនុវត្តនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ក្នុងពិធីសម្ពោធគម្រោងនៅរាជធានីភ្នំពេញ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយពង្រឹងគោលនយោបាយ កៀរគរធនធានហិរញ្ញវត្ថុ ទាក់ទាញការចូលរួមពីវិស័យឯកជន និងជំរុញការផ្លាស់ប្តូរឥរិយាបថ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើបានតែម្តងហើយបោះចោល។

ឯកឧត្តមបានលើកឡើងថា «គម្រោង Plastic Reboot Cambodia» គឺជាការឆ្លើយតបប្រកបដោយគោលដៅច្បាស់លាស់ និងស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ព្រមទាំងយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីសេដ្ឋកិច្ចវិលជុំ។

តាមក្រសួងបរិស្ថាន សំណល់រឹងនៅរាជធានីភ្នំពេញបានកើនឡើងជិត ២៧៥% ពីជាង ៣៤ម៉ឺនតោនក្នុងឆ្នាំ២០០៧ ដល់ជិត ១,៣លានតោនក្នុងឆ្នាំ២០២២ ហើយក្នុងចំណោមនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។

ការសិក្សាស្រាវជ្រាវក៏បានបង្ហាញថា សំណល់ប្លាស្ទិកប្រើប្រាស់តែម្តងក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដូចជា ថង់ប្លាស្ទិក កែវ ប្រអប់ និងដប គឺជាប្រភពចម្បងនៃសំណល់ប្លាស្ទិកនៅទីលានចាក់សំរាម។ សំណល់ទាំងនោះប្រមាណ ៩០% បានលេចធ្លាយចូលទៅក្នុងប្រភពទឹក ទន្លេ និងតំបន់ឆ្នេររបស់កម្ពុជា។

ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាព និងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកម្ពុជាបាត់បង់សេដ្ឋកិច្ចប្រមាណ ២,៥ លានដុល្លារក្នុងមួយឆ្នាំៗ ពីការបំពុលសមុទ្រ ព្រមទាំងបង្កការកកស្ទះប្រព័ន្ធលូ និងបង្កើនហានិភ័យទឹកជំនន់នៅតាមទីក្រុង និងទីប្រជុំជនធំៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

តាមរយៈគម្រោងនេះ ក្រសួងបរិស្ថាន និងដៃគូរបស់ខ្លួនមានគោលដៅកាត់បន្ថយសំណល់ប្លាស្ទិកពីវិស័យម្ហូបអាហារ និងភេសជ្ជៈបានប្រមាណជាង ១៩,០០០ តោនត្រឹមឆ្នាំ២០២៨ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៧៤,០០០ តោន។

គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៥២ម៉ឺននាក់ ជាពិសេសស្ត្រី និងអ្នកប្រមូលសំណល់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ឱ្យសហការគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសប្លាស្ទិកប្រើបានតែម្តងហើយបោះចោល ព្រមទាំងចូលរួមលើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងពង្រឹងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ។

គម្រោង Plastic Reboot Cambodia ទទួលបានការគាំទ្រពីមូលនិធិបរិស្ថានសកល (GEF) និងត្រូវបានអនុវត្តដោយមានកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថាន៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times