ភ្ជុំបិណ្ឌ ២០២៦៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ៦០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ នេះយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

តាមរដ្ឋបាលរាជធានីភ្នំពេញ សេវាដឹកជញ្ជូននេះនឹងដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណីខ្មែរ។

ក្នុងចំណោមរថយន្តក្រុងទាំង ៦០០គ្រឿង រថយន្តចំនួន ១០០គ្រឿង នឹងប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

រថយន្តក្រុងចំនួន ៥០០គ្រឿងទៀត នឹងប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងដឹកជញ្ជូនវិលត្រឡប់មករាជធានីភ្នំពេញវិញ ដោយមានការបែងចែកជាខ្សែរត់ធំៗចំនួន ៦គោលដៅ។

ការរៀបចំរថយន្តក្រុងនេះ ធ្វើឡើងតាមគោលការណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការរៀបចំសេវាដឹកជញ្ជូននេះ នឹងជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយឱ្យពួកគេធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងឱកាសវិលទៅជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times