ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយជាង ៤២០លានដុល្លារ តែការនាំចេញកើនឡើង

ភ្នំពេញ៖ ចំណូលពន្ធគយរបស់កម្ពុជាបានបាត់បង់ប្រមាណ ១ ៦៨៨,៧២ប៊ីលានរៀល ឬស្មើប្រមាណ ៤២០,៥១លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តែការនាំចេញរបស់កម្ពុជាបានកើនឡើង ២១,៣ភាគរយ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ។

តួលេខនេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធគយ» ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅសាលាជាតិគយ កាលពីថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០២៦។

ចំណូលពន្ធគយដែលបាត់បង់ក្នុងឆមាសទី១ ឆ្នាំ២០២៦ បានកើនឡើងប្រមាណ ៦៧៨,៦៥ប៊ីលានរៀល ឬ ៦៧,១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនប្រមាណ ១ ០១០,០៧ប៊ីលានរៀល។

ទន្ទឹមនឹងនេះ ការនាំចេញរបស់កម្ពុជាបានកើនដល់ ២០,៨១ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦ កើនឡើង ២១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ចាន់ សុភាព អគ្គនាយករងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីគយនិងរដ្ឋាករកម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធគយ។

សិក្ខាសាលានេះមានមន្ត្រីគយនិងរដ្ឋាករពាក់ព័ន្ធចំនួន ៥០រូប មកពីនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករក្រោមឱវាទ ព្រមទាំងមានការចូលរួមពីមន្ត្រីនៃអាជ្ញាធរសវនកម្មជាតិ។

លោក ចាន់ សុភាព បានលើកឡើងថា បទបង្ហាញក្នុងសិក្ខាសាលាត្រូវបានធ្វើឡើងដោយមន្ត្រីជំនាញពីនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ និងនាយកដ្ឋានពាក់ព័ន្ធ ដែលបានចូលរួមកិច្ចប្រជុំ និងការចរចាផ្ទាល់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធគយ និងកិច្ចសហប្រតិបត្តិការគយក្នុងក្របខ័ណ្ឌអាស៊ាន មហាអនុតំបន់មេគង្គ អង្គការគយពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក។

កម្ពុជាបច្ចុប្បន្នអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីចំនួន ១១ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, អាស៊ាន-អូស្ត្រាលី/នូវែលសេឡង់, អាស៊ាន-ហុងកុង, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP), កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក តាមរយៈការចូលជាសមាជិកអាស៊ាន អង្គការគយពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងការចូលជាភាគីនៃកិច្ចព្រមព្រៀង និងអនុសញ្ញាជាច្រើន បានគាំទ្រដល់ការងារកែទម្រង់ និងទំនើបកម្មគយ។

ការងារនេះផ្តោតជាពិសេសលើការសាមញ្ញកម្ម និងទំនើបកម្មនីតិវិធីគយ ដើម្បីពង្រឹងតួនាទីសំខាន់ៗរបស់រដ្ឋបាលគយ រួមមានការប្រមូលចំណូល កិច្ចសម្រួលពាណិជ្ជកម្ម និងការពារសន្តិសុខសុវត្ថិភាពសង្គម។

លោក ចាន់ សុភាព ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

លោកបានបញ្ជាក់ថា កម្ពុជាក៏កំពុងចូលរួមចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត និងដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគសម្រាប់ជាឧត្តមប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។

សិក្ខាសាលារយៈពេល២ថ្ងៃនេះ ត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នៃយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមក្របខ័ណ្ឌផែនការថវិកាឆ្នាំ២០២៦ និងដើម្បីអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នៅចុងបញ្ចប់ លោកអគ្គនាយករងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យចូលរួមសកម្មក្នុងការសិក្សាស្វែងយល់ ពិភាក្សា និងចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីទទួលបានលទ្ធផលពីសិក្ខាសាលានេះ។ សិក្ខាសាលាបានបញ្ចប់តាមកម្មវិធីក្នុងរយៈពេល២ថ្ងៃ ដោយមានការចូលរួម និងការពិភាក្សាក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times