បាត់ដំបង៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការជាមួយសាកលវិទ្យាល័យ បៀលប្រាយ (BBU) សាខាខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជនក្នុងវិស័យហិរញ្ញវត្ថុ» ដើម្បីផ្តល់ចំណេះដឹងជាក់ស្តែងដល់យុវជនអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។
សិក្ខាសាលានេះធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គក គឹម នាយកសាកលវិទ្យាល័យ បៀលប្រាយ លោក ឌី ស៊ីថា សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគម ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយជាច្រើននាក់។
ថ្លែងក្នុងឱកាសនោះ លោក សុខ វឿន បានលើកឡើងថា ចំណេះដឹងហិរញ្ញវត្ថុជួយឱ្យមនុស្សអាចគ្រប់គ្រងអនាគតរបស់ខ្លួន ខណៈជំនាញ វិន័យ និងសុចរិតភាព ជួយឱ្យក្លាយជាអ្នកជំនាញដែលអាចទទួលបានទំនុកចិត្ត និងការគោរពពីសង្គម។
លោកបានលើកទឹកចិត្តដល់យុវជនឱ្យចាប់ផ្តើមកសាងទម្លាប់ហិរញ្ញវត្ថុល្អតាំងពីពេលនេះ តាមរយៈការគ្រប់គ្រងប្រាក់ ការសន្សំ ការប្រើប្រាស់ឥណទានដោយការទទួលខុសត្រូវ និងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយមានការយល់ដឹង។
ក្នុងសិក្ខាសាលានេះ លោក ឈន វឌ្ឍនៈ បានធ្វើបទបង្ហាញអំពីតួនាទីរបស់សមាគម ទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ការចូលរួមចំណែករបស់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងតម្រូវការ និងឱកាសការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
ចំណែកលោក ឌី ស៊ីថា បានចែករំលែកចំណេះដឹងស្តីពីការកំណត់គោលដៅហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ ការបង្កើតទម្លាប់សន្សំ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ប្រធានបទទាំងនេះផ្តោតលើការជួយឱ្យយុវជនអាចធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានកាន់តែប្រសើរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាអាទិភាពការងារមួយរបស់សមាគម និងវិស័យ ក្នុងការចូលរួមលើកកម្ពស់បរិយាបន្ន និងការអភិវឌ្ឍរបស់វិស័យ។
សមាគមនឹងបន្តពង្រឹង និងលើកកម្ពស់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងអំពីវិស័យ ព្រមទាំងបន្តសហការជាមួយគ្រឹះស្ថានអប់រំ សមាជិក និងដៃគូពាក់ព័ន្ធ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា៕
អត្ថបទ៖ ប៊ី







