CDC ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលពេញលេញសម្រាប់សេវាសាធារណៈចាប់ពីថ្ងៃទី២៦ ខែតុលា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក. ឬ CDC) នឹងដាក់ឱ្យអនុវត្តវិក្កយបត្រឌីជីថលពេញលេញសម្រាប់ការទូទាត់សេវាសាធារណៈគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសាធារណជន។

តាមសេចក្តីណែនាំលេខ ១៧០៧/២៦ក.អ.ក. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក.អ.ក. បានដាក់ឱ្យអនុវត្តជាផ្លូវការនូវ «សេចក្តីណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» សម្រាប់ការទូទាត់សេវាសាធារណៈរបស់ ក.អ.ក.។

កន្លងមក ការទូទាត់សេវាសាធារណៈរបស់ ក.អ.ក. ត្រូវបានអនុវត្តតាមពីរទម្រង់។ ទី១ គឺការប្រើប្រាស់វិក្កយបត្រឌីជីថលសម្រាប់ការដាក់ពាក្យចុះបញ្ជីវិនិយោគតាមប្រព័ន្ធ cdcIPM និងទី២ គឺការប្រើប្រាស់បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់បែបប្រពៃណី បន្ទាប់ពីទូទាត់កម្រៃសេវាសាធារណៈដោយផ្ទាល់ទៅកាន់រជ្ជទេយ្យករចំណូល។

ក្រោមសេចក្តីណែនាំថ្មី វិក្កយបត្រឌីជីថលនឹងត្រូវអនុវត្តជាប្រព័ន្ធតែមួយ និងមានវិសាលភាពគ្របដណ្តប់លើសេវាសាធារណៈទាំងអស់ ទាំងសេវាដែលផ្តល់នៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថលរបស់ ក.អ.ក. ចាប់ពីថ្ងៃទី២៦ ខែតុលា តទៅ។

ប្រព័ន្ធវិក្កយបត្រឌីជីថលនេះ នឹងភ្ជាប់ជាមួយ QR Code ដែលចេញពីដែនជាតិ cdc.gov.kh និងមានមុខងារសំខាន់ៗ រួមមាន វិក្កយបត្របញ្ជាបង់ប្រាក់សម្រាប់ករណីរង់ចាំទូទាត់ បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ និងសក្ខីប័ត្រសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។

ក្រៅពីនេះ ប្រព័ន្ធក៏នឹងផ្តល់តំណសម្រាប់ទូទាត់ឌីជីថលទៅកាន់រជ្ជទេយ្យករចំណូលរបស់ ក.អ.ក. ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈបាគង KHQR កម្មវិធីធនាគារចល័ត និងកាត Visa ឬ Mastercard។

ប្រព័ន្ធថ្មីនេះក៏មានផ្ទាំងតាមដានស្ថានភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីឱ្យអ្នកប្រើប្រាស់អាចតាមដានដំណើរការសេវារបស់ខ្លួនបានផងដែរ។

ក.អ.ក. បានអំពាវនាវដល់វិនិយោគិន ដៃគូអភិវឌ្ឍន៍ សាធារណជន និងបណ្តាញសារព័ត៌មាន ចូលរួមផ្សព្វផ្សាយ និងអនុវត្តប្រព័ន្ធវិក្កយបត្រឌីជីថលនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times