
ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា បានចាត់តាំងគណៈប្រតិភូចំនួន ៤ រូប ដើម្បីអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗចំនួន ២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការចាត់តាំងគណៈប្រតិភូនេះ ធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមានការចាត់តាំងពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។
គណៈប្រតិភូដែលនឹងអមដំណើរសម្តេចធិបតី រួមមាន អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ូរ ជាប្រធានគណៈប្រតិភូ អនុប្រធានសមាគម និងជាប្រធានគណៈកម្មការដឹកជញ្ជូន ព័ស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អ្នកឧកញ៉ា អ៊ុង លីហេង និងអ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព»។
ជាមួយគ្នានេះ សម្តេចធិបតីក៏នឹងចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV – ការទាញយកសក្តានុពល – ការកសាងអនាគតប្រកបដោយវិបុលភាព»។
សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូនាពេលនេះ ឆ្លុះបញ្ចាំងពីការបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ។
ការចូលរួមក្នុងកិច្ចប្រជុំកំពូលទាំងពីរនេះ ក៏ជាឱកាសសម្រាប់វិស័យឯកជនកម្ពុជាក្នុងការចូលរួមជាមួយកិច្ចសន្ទនាសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្របតាមគោលបំណងនៃកិច្ចប្រជុំស្តីពីការតភ្ជាប់ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
អត្ថបទ៖ ប៊ី










