
ភ្នំពេញ៖ ក្បួនរថយន្តប្រមាណ ៥០០ គ្រឿង នឹងធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ២.០០០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពល និងភាពទាក់ទាញទេសចរណ៍នៅតំបន់ភូមិភាគឦសាន។
ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកក្បួនរថយន្តនៃព្រឹត្តិការណ៍ «ឦសាន Overland លើកទី៣» នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីក្រុមអ្នកស្រឡាញ់រថយន្ត កីឡាករ កីឡាការិនី ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ និងសាធារណជនសរុបប្រមាណ ២.០០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ឦសាន Overland» មានសារៈសំខាន់ក្នុងការចូលរួមលើកស្ទួយចលនាទេសចរណ៍ក្នុងស្រុក ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី និងរតនគិរី។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ជាឱកាសបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងភាពទាក់ទាញនៃម្ហូបអាហារប្រចាំតំបន់ ដើម្បីជំរុញឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និងស្គាល់កាន់តែច្បាស់ពីសក្តានុពលទេសចរណ៍នៅភូមិភាគឦសាន។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមរថយន្ត CPG ក្រុមនិយាយពីឡាន (TAC) ក្រុមគោព្រៃមណ្ឌលគិរី ក្រុមដំរីឦសាន និងក្រុមអ្នកដើរព្រៃកម្ពុជា (CAT) ព្រមទាំងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងសម្របសម្រួលឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីបង្កើនចំនួនអ្នកចូលរួម និងពង្រីកវិសាលភាពពីថ្នាក់ជាតិឈានទៅកាន់អន្តរជាតិ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ឦសាន Overland» បានរៀបចំចំនួន៣លើកមកហើយ។ សម្រាប់លើកទី១ នៅឆ្នាំ២០២៤ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ១.១៤០នាក់ និងរថយន្តចំនួន ២៨៥គ្រឿង។ ដោយឡែក សម្រាប់លើកទី៣ ក្នុងឆ្នាំ២០២៦នេះ គ្រោងមានអ្នកចូលរួមប្រមាណ ២.០០០នាក់ និងរថយន្តប្រមាណ ៥០០គ្រឿង ដោយក្បួនរថយន្តនឹងធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕
អត្ថបទ៖ ប៊ី









