អាកាសយានដ្ឋាន​ទាំង​ ៣​ នៅ​កម្ពុជា ​ទទួល​អ្នក​ដំណើរ​ជាង​ ៥ ​លាន​នាក់​ ​ក្នុង​រយៈពេល​ ​១០ ​ខែ

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង ​៣ ​នៅ​កម្ពុជា ​រួម​មាន​ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ​សៀម​រាប​អង្គរ ​និង​ព្រះសីហនុ ​បាន​ទទួល​អ្នក​ដំណើរ​ចេញ​-​ចូល​សរុប​ចំនួន​ ៥​,​០២៧​,​៣៦២​នាក់​ ​ក្នុង​រយៈពេល​ ​១០​ ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​ដោយ​មាន​ការ​ថយចុះ​ ១១​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥​។

​យោង​តាម​ស្ថិតិ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ដែល​បញ្ជាក់​ដោយ​ឯកឧត្តម​ ​ស៊ីន ​ចាន់​សិរី​វត្ថា​ ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​រយៈពេល​ពី​ខែ​មករា​ ​ដល់​ខែ​តុលា ​ឆ្នាំ​ ២០២៦ ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ ​ទទួល​បាន​ជើង​ហោះហើរ​ចេញ​-​ចូល​សរុប​ចំនួន​ ៥១​,​៨៦៥​ ជើង​ ថយចុះ​ ២​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ចំណែក​ទំនិញ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ​-​ចូល​មាន​ចំនួន​ ៨៥​,​៧៣០ ​តោន​ ​កើនឡើង​ ​១៤​%​ ​ខណៈ​ជើង​ហោះហើរ​រំលង​ដែន​មាន​ចំនួន​ ៧៧​,​៤៣៦ ​ជើង​ ​កើនឡើង​ ៨​%​ ធៀប​នឹង​រយៈពេល​ ​១០ ​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៥​។

​សម្រាប់​ខែ​តុលា ​ឆ្នាំ​ ២០២៦ ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ​៣ ​ទទួល​បាន​ជើង​ហោះហើរ​ចេញ​-​ចូល​ចំនួន​ ៥​,​១៤៤ ​ជើង ​កើនឡើង​ ​១៤​%​ ធៀប​នឹង​ខែ​កញ្ញា​ ​ប៉ុន្តែ​ថយចុះ​ ៣​%​ បើ​ធៀប​នឹង​ខែ​តុលា ​ឆ្នាំ ​២០២៥​។

​ចំនួន​អ្នក​ដំណើរ​ក្នុង​ខែ​តុលា​មាន​ចំនួន​ ៤៦៩​,​២០៧ ​នាក់​ ​កើនឡើង​ ​១៨​%​ ធៀប​នឹង​ខែ​កញ្ញា​ ​ប៉ុន្តែ​ថយចុះ​ ១៦​%​ ​ធៀប​នឹង​ខែ​តុលា​ឆ្នាំ​មុន​។ ​ចំណែក​ទំនិញ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​មាន​ចំនួន​ ៩​,​៤៣៦ ​តោន ថយចុះ​ ៣​%​ ធៀប​នឹង​ខែ​មុន​ ​និង​ថយចុះ​ ៩​%​ ​ធៀប​នឹង​ខែ​តុលា ​ឆ្នាំ​ ២០២៥​។

​ដោយឡែក​ ​ជើង​ហោះហើរ​រំលង​ដែន​មាន​ចំនួន​ ៨​,​២៨៧ ​ជើង​ក្នុង​ខែ​តុលា ​កើនឡើង​ ​១០​%​ ​ធៀប​នឹង​ខែ​កញ្ញា​ ​និង​កើនឡើង​ ​១៤​%​ ធៀប​នឹង​ខែ​តុលា​ឆ្នាំ​មុន​។

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ខែ​តុលា ​ឆ្នាំ ​២០២៦ ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ​៣៥ ​ក្រុមហ៊ុន​ ​បាន​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​នៅ​កម្ពុជា​ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ ៤ ​និង​អន្តរជាតិ​ ៣១​។

​តាម​ស្ថិតិ​ដដែល​ ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​មាន​ជើង​ហោះហើរ​ចេញ​-​ចូល​ជា​មធ្យម​ ​៨​៩​២ ​ជើង​ ក្នុង​មួយ​សប្តាហ៍​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ៣​២៥ ​ជើង ​និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ ​៦៥​ជើង​។ ​ចំណែក​អាកាសយានដ្ឋាន​តារា​សាគរ​មាន​ជើងហោះហើរ​ ៤ ​ជើង​ ក្នុង​មួយ​សប្តាហ៍​។

​ជា​រួម ​អាកាសយានដ្ឋាន​ទាំង​ ៤​ មាន​ជើង​ហោះហើរ​ចេញ​-​ចូល​សរុប​ជា​មធ្យម​ ​១​,​២៨៦ ​ជើង​ក្នុង​មួយ​សប្តាហ៍​ ​ដែល​ក្នុង​នោះ​រួមមាន​ជើង​ហោះហើរ​ក្នុង​ស្រុក​ចំនួន​ ៤ ​ជើង ​ក្នុង​មួយ​សប្តាហ៍​ រវាង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​និង​អាកាសយានដ្ឋាន​តារាសាគរ​។

​បច្ចុប្បន្ន​ ​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប​ចំនួន​ ៣៦ ​ក្រុមហ៊ុន​ ​ក្នុង​នោះ​ក្រុមហ៊ុន​ជាតិ​ ៤ ​និង​អន្តរជាតិ​ ​៣២ ​ដែល​កំពុង​តភ្ជាប់​ជើង​ហោះហើរ​ជាមួយ​ប្រទេស​ចំនួន​ ១៨ ​និង​ទីក្រុង​ចំនួន​ ៤៩​៕

អត្ថបទ៖ ប៊ី