
ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប (EU) បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីភាពជាដៃគូថ្មីមួយ ដើម្បីជួយរោងចក្រកែលម្អប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយចំណាយផលិតកម្ម បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា។
កម្មវិធី «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
កម្មវិធីនេះផ្តោតជាពិសេសលើវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលរួមចំណែកប្រមាណពីរភាគបីនៃការនាំចេញទំនិញសរុបរបស់កម្ពុជា និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសស្ត្រី។ តាមរយៈកម្មវិធីនេះ រោងចក្រនឹងទទួលបានការគាំទ្រក្នុងការបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពល និងអនុវត្តផលិតកម្មស្អាត ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវផ្នែកនិរន្តរភាពដែលកាន់តែខ្ពស់ពីអ្នកបញ្ជាទិញ និងទីផ្សារអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ប្រសិទ្ធភាពថាមពលគឺជាផ្នែកដ៏សំខាន់នៃការធ្វើទំនើបកម្ម និងការបង្កើនភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកម្ពុជា។ កម្មវិធីភាពជាដៃគូនេះនឹងជួយរោងចក្រកែលម្អសមត្ថភាពបច្ចេកទេស អនុវត្តផលិតកម្មស្អាត និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនផលិតភាព។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការប្រែក្លាយគោលនយោបាយទៅជាសកម្មភាពជាក់ស្តែងនៅក្នុងរោងចក្រ កម្ពុជាអាចកសាងវិស័យឧស្សាហកម្មដែលមានចីរភាព និងសមត្ថភាពប្រកួតប្រជែងកាន់តែប្រសើរ។
កម្មវិធីនេះនឹងគាំទ្រដល់ការកែលម្អបទប្បញ្ញត្តិស្តីពីប្រសិទ្ធភាពថាមពល ផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រ និងសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគលើថាមពលស្អាត និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ កម្មវិធីក៏នឹងគាំទ្រការរៀបចំស្តង់ដារប្រសិទ្ធភាពថាមពលសម្រាប់ឧបករណ៍ឧស្សាហកម្ម កែលម្អប្រព័ន្ធតាមដាន និងរាយការណ៍អំពីការប្រើប្រាស់ថាមពល ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេសរបស់រោងចក្រ ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពផលិតកម្ម។
ឯកឧត្តម កែវ រតនៈ បានលើកឡើងថា «ថាមពលដែលមានតម្លៃបំផុតមួយគឺថាមពលដែលយើងមិនចាំបាច់ប្រើប្រាស់»។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាទទួលស្គាល់ «ឥន្ធនៈលាក់កំបាំង» នេះជាសសរស្តម្ភសំខាន់មួយនៃយុទ្ធសាស្ត្រថាមពលជាតិ។
ឯកឧត្តមបានបន្តថា នៅពេលតម្រូវការថាមពលបន្តកើនឡើង ការកែលម្អប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលក្នុងវិស័យផលិតកម្ម នឹងជួយឱ្យឧស្សាហកម្មរីកចម្រើនប្រកបដោយចីរភាព ហើយកម្ពុជាស្វាគមន៍ភាពជាដៃគូរបស់សហភាពអឺរ៉ុបក្នុងការជំរុញកិច្ចការនេះ។
ក្រោមកិច្ចសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) កម្មវិធីនេះគ្រោងនឹងគាំទ្រការធ្វើសវនកម្មថាមពលចំនួន ២១០លើក នៅតាមរោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដើម្បីជួយរោងចក្រកំណត់វិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើនប្រសិទ្ធភាពផលិតកម្ម។
បន្ថែមពីនេះ កម្មវិធីនឹងលើកកម្ពស់ការប្រើប្រាស់ជីវម៉ាសប្រកបដោយនិរន្តរភាព និងកែលម្អលក្ខខណ្ឌការងារនៅក្នុងរោងចក្រ រួមមានប្រព័ន្ធខ្យល់ចេញចូល ភ្លើងបំភ្លឺ និងវិធានការកាត់បន្ថយបញ្ហាស្ត្រេសកម្ដៅ។ សមាគមឧស្សាហកម្មក៏នឹងទទួលបានការគាំទ្រដើម្បីជួយរោងចក្ររៀបចំសំណើវិនិយោគ និងទទួលបានហិរញ្ញប្បទានបៃតងផងដែរ។
ឯកឧត្តម Igor Driesmans បានមានប្រសាសន៍ថា ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ការកសាងវិស័យឧស្សាហកម្មដែលមាននិរន្តរភាព និងប្រសិទ្ធភាពថាមពលខ្ពស់ អាចជួយអាជីវកម្មកាត់បន្ថយចំណាយ បង្កើនផលិតភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងផ្លាស់ប្តូរ។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈភាពជាដៃគូនេះ និងក្រោមយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបកំពុងរួមបញ្ចូលគោលនយោបាយ វិស័យឧស្សាហកម្ម និងការវិនិយោគ ដើម្បីគាំទ្រកំណើន ភាពធន់ និងផលប្រយោជន៍រយៈពេលវែងសម្រាប់អាជីវកម្ម កម្មករ និងសហគមន៍នៅកម្ពុជា។
កម្មវិធីនេះក៏ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិប្រសិទ្ធភាពថាមពល និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងជំរុញកំណើនឧស្សាហកម្មប្រកបដោយចីរភាព៕
អត្ថបទ៖ ប៊ី










