
ភ្នំពេញ៖ ក្រុមហ៊ុន មេគង្គណិត ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតរបស់កម្ពុជា និងក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត (AI) និងបរិវត្តកម្មឌីជីថល ដើម្បីផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាដល់អាជីវកម្ម និងស្ថាប័នសាធារណៈនៅកម្ពុជា។
កិច្ចព្រមព្រៀងថ្មីនេះ គឺជាការពង្រីកភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដែលមានតាំងពីឆ្នាំ២០០៨ ដោយកាលពីដំបូងផ្ដោតលើសេវាទូរគមនាគមន៍អន្តរជាតិ ខ្សែជួលឯកជន និងការតភ្ជាប់ឆ្លងព្រំដែន។
ក្រោមកិច្ចព្រមព្រៀងនេះ VNPT នឹងផ្ដល់វេទិកាបច្ចេកវិទ្យា និងជំនាញលើវិស័យសន្តិសុខសាយប័រ AI អ៊ីនធឺណិតនៃវត្ថុ (IoT) និងដំណោះស្រាយរដ្ឋាភិបាលឌីជីថល។ ចំណែក មេគង្គណិត នឹងចូលរួមផ្ដល់បណ្ដាញទំនាក់ទំនងដែលគ្របដណ្ដប់ទូទាំង ២៥ រាជធានី-ខេត្ត មជ្ឈមណ្ឌលទិន្នន័យនៅរាជធានីភ្នំពេញ និងក្រុមវិស្វករក្នុងស្រុក។
ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ភាពជាដៃគូនេះនឹងជួយឱ្យស្ថាប័ននានានៅកម្ពុជាអាចប្រើប្រាស់សេវាឌីជីថលទំនើបៗ ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេសនៅក្នុងប្រទេស។
លោកស្រី សុខ ចាន់ដា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន មេគង្គណិត បានមានប្រសាសន៍ថា រយៈពេល ២០ឆ្នាំមកនេះ មេគង្គណិត បានតភ្ជាប់គេហដ្ឋាន អាជីវកម្ម និងស្ថាប័ននានានៅកម្ពុជា ប៉ុន្តែតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្នលើសពីការតភ្ជាប់អ៊ីនធឺណិត ដោយពួកគេត្រូវការការការពារប្រព័ន្ធ និងទិន្នន័យ ព្រមទាំងការប្រើប្រាស់ AI ប្រកបដោយទំនុកចិត្ត។
លោកស្រីបានបន្តថា កិច្ចព្រមព្រៀងនេះនឹងផ្សារភ្ជាប់វេទិកាបច្ចេកវិទ្យា និងអ្នកជំនាញជាន់ខ្ពស់របស់ VNPT ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងជំនាញក្នុងស្រុករបស់ មេគង្គណិត ដើម្បីផ្ដល់សេវាសន្តិសុខសាយប័រដល់អាជីវកម្ម និងស្ថាប័ននានា ដោយមានការគាំទ្រនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិព័រណ៍ FrancoTech 2026 ក្រុមហ៊ុនទាំងពីរបានដាក់បង្ហាញសេវាបច្ចេកវិទ្យាចំនួន ៤ វិស័យ នៅស្តង់ពិព័រណ៍រួមលេខ E1–E4 រួមមាន សន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត អ៊ីនធឺណិតនៃវត្ថុ និងរដ្ឋាភិបាលឌីជីថល។
ក្នុងចំណោមសេវាទាំងនោះ មាន MekongDefense SOC ដែលជាសេវាមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) គ្រប់គ្រងរួមគ្នាដោយ មេគង្គណិត និង VNPT។ សេវានេះត្រូវបានរៀបចំឡើងដើម្បីតាមដានសុវត្ថិភាពប្រព័ន្ធ ២៤ម៉ោងលើ២៤ម៉ោង ស្វែងរកការគំរាមកំហែង និងឆ្លើយតបចំពោះឧប្បត្តិហេតុសន្តិសុខសាយប័រ ដែលអាចប៉ះពាល់ដល់ធនាគារ អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងស្ថាប័នសាធារណៈ។
ក្រុមហ៊ុនទាំងពីរបញ្ជាក់ថា ទិន្នន័យអតិថិជននឹងត្រូវបានដំណើរការ និងរក្សាទុកនៅមជ្ឈមណ្ឌលទិន្នន័យរបស់ មេគង្គណិត ក្នុងរាជធានីភ្នំពេញ ដោយមានក្រុមវិស្វករក្នុងស្រុកផ្ដល់ការគាំទ្រនៅនឹងកន្លែង។
ចំពោះបច្ចេកវិទ្យា AI ក្រុមហ៊ុនបានបង្ហាញដំណោះស្រាយជាច្រើន រួមមាន បច្ចេកវិទ្យាស្គាល់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (eKYC) សម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណ ប្រព័ន្ធគ្រប់គ្រងការចេញចូលដោយស្គាល់ផ្ទៃមុខ និង SmartVision ដែលប្រើប្រាស់ការវិភាគវីដេអូដើម្បីធានាសន្តិសុខនៅតាមអគារ គេហដ្ឋាន ហាងលក់ទំនិញ និងរោងចក្រ ព្រមទាំងតាមដានចរាចរណ៍។
ដោយឡែក សេវា IoT រួមមានវេទិកាគ្រប់គ្រងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ និងបច្ចេកវិទ្យា AI Camera ដែលអាចវិភាគរូបភាពវីដេអូពីកាមេរ៉ាដែលមានស្រាប់ ដើម្បីរកឃើញ និងជូនដំណឹងដល់អ្នកប្រើប្រាស់អំពីសកម្មភាពមិនប្រក្រតី។
សម្រាប់ដំណោះស្រាយរដ្ឋាភិបាលឌីជីថល ក្រុមហ៊ុនទាំងពីរបានដាក់បង្ហាញវិបផតថលសេវាសាធារណៈតាមអនឡាញ កម្មវិធីទូរស័ព្ទសម្រាប់ប្រជាពលរដ្ឋ ខ្សែទូរស័ព្ទគាំទ្រតាមពហុបណ្ដាញ និងម៉ាស៊ីនបម្រើសេវាដោយខ្លួនឯងដំណើរការដោយ AI (AI Kiosk) សម្រាប់ការិយាល័យច្រកចេញចូលតែមួយ។
តំណាងក្រុមហ៊ុន VNPT បានឱ្យដឹងថា វត្តមានដ៏យូរអង្វែងរបស់ មេគង្គណិត នៅកម្ពុជា និងការយល់ដឹងច្បាស់អំពីទីផ្សារក្នុងស្រុក បានធ្វើឱ្យក្រុមហ៊ុននេះក្លាយជាដៃគូដែលអាចទុកចិត្តបាន ក្នុងការនាំយកបច្ចេកវិទ្យារបស់ VNPT មកផ្ដល់ជូនស្ថាប័ននានានៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍ FrancoTech 2026 ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ មេគង្គណិត ក៏បានបញ្ជាក់ថា ស្ថាប័នដែលចាប់អារម្មណ៍លើសេវាសន្តិសុខសាយប័ររបស់ខ្លួន អាចស្នើសុំការវាយតម្លៃដោយឥតគិតថ្លៃតាមរយៈគេហទំព័រ https://www.mekongnet.com.kh/ ។
មេគង្គណិត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងផ្ដល់សេវាតភ្ជាប់អ៊ីនធឺណិត មជ្ឈមណ្ឌលទិន្នន័យ Cloud សន្តិសុខសាយប័រ និងបច្ចេកវិទ្យាព័ត៌មាននៅទូទាំងប្រទេសកម្ពុជា។ ចំណែក VNPT គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាដ៏ធំមួយរបស់វៀតណាម ដែលអង្គភាពអន្តរជាតិរបស់ខ្លួនបានបើកការិយាល័យតំណាងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៤៕









