
ភ្នំពេញ៖ កម្ពុជា និងរវ៉ាន់ដា បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់ទីផ្សាររវាងទ្វីបអាហ្វ្រិក និងអាស៊ី ដោយប្រទេសទាំងពីរអាចដើរតួនាទីជាច្រកទ្វារពាណិជ្ជកម្មសម្រាប់គ្នាទៅវិញទៅមក។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Paul Kagame ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម Paul Kagame បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលនៃការស្ដារ និងកសាងសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត។ ឯកឧត្តមបានគូសបញ្ជាក់ថា រវ៉ាន់ដាក៏ធ្លាប់ឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ប្រហាក់ប្រហែលគ្នានេះដែរ។
ដោយផ្អែកលើចំណងការទូតទ្វេភាគីជាងពីរទសវត្សរ៍កន្លងមក ឯកឧត្តមប្រធានាធិបតីបានបង្ហាញជំនឿថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងក្លាយជាកម្លាំងជំរុញឱ្យទំនាក់ទំនងរវ៉ាន់ដា-កម្ពុជាកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងគណៈប្រតិភូ ដោយបានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សម្ដេចធិបតីក៏បានសម្ដែងសេចក្ដីសោមនស្សចំពោះវឌ្ឍនភាព និងការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងសកល ដោយឯកភាពបន្តស្វែងរកកាលានុវត្តភាពលើវិស័យដែលមានសក្ដានុពល និងបង្កើនការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។
ចំណុចសំខាន់មួយនៃជំនួប គឺការលើកឡើងពីសក្ដានុពលបំពេញឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដោយរវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារទ្វីបអាហ្វ្រិក ខណៈកម្ពុជានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទៅកាន់ទីផ្សារអាស៊ាន និងអាស៊ី។ ការតភ្ជាប់ទីផ្សារទាំងនេះត្រូវបានលើកឡើងថា ជាឱកាសសម្រាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញពហុភាគីនិយមតាមរយៈអង្គការសហប្រជាជាតិ (UN) ចលនាមិនចូលបក្សសម្ព័ន្ធ និងមហាគ្រួសារហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគោលដៅនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា បានអញ្ជើញជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
ការចុះហត្ថលេខាលើឯកសារទាំង៣នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់តាមផ្លូវអាកាស ដើម្បីបន្តពង្រីកទំនាក់ទំនងកម្ពុជា-រវ៉ាន់ដា និងបង្កើតឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ី










