
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តក្រុមហ៊ុន Yunnan Investment Group របស់ប្រទេសចិន ឱ្យស្វែងរកឱកាសវិនិយោគថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ជាពិសេសការផលិតវត្ថុធាតុដើម និងធាតុចូលសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រក្នុងស្រុក ខណៈកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក LU Wei តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Group កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសក្តានុពល និងឱកាសវិនិយោគក្នុងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេសការអភិវឌ្ឍឧស្សាហកម្មផលិតវត្ថុធាតុដើម និងធាតុចូលផលិតកម្ម ដើម្បីផ្គត់ផ្គង់ដល់រោងចក្រនានានៅកម្ពុជា។ ទន្ទឹមនេះ កម្ពុជាក៏មានឱកាសពង្រីកវិស័យកសិ-ឧស្សាហកម្ម និងជំរុញការនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច យើងត្រូវអភិវឌ្ឍបន្ថែមទៀតនូវរោងចក្រដែលមានសមត្ថភាពផលិតវត្ថុធាតុដើម និងធាតុចូលផលិតកម្មនៅក្នុងស្រុក។ នេះគឺជាឱកាសវិនិយោគថ្មីសម្រាប់ក្រុមហ៊ុន Yunnan Investment Group»។
ជាការឆ្លើយតប លោក LU Wei បានបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យផ្សេងៗ បន្ថែមពីលើការវិនិយោគក្នុងវិស័យអាកាសយានដ្ឋាន។
លោកបានមានប្រសាសន៍ថា៖ «ក្រៅពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ យើងសង្ឃឹមថានឹងអាចអភិវឌ្ឍគម្រោងសហប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ក្រោមក្របខណ្ឌច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ»។
ក្រៅពីការបង្ហាញចំណាប់អារម្មណ៍លើការពង្រីកការវិនិយោគ លោក LU Wei ក៏បានរាយការណ៍ពីវឌ្ឍនភាពប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ ដោយបានទទួលអ្នកដំណើរសរុបជាង ៤,២លាននាក់ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការកាលពី៣ឆ្នាំមុន។ អាកាសយានដ្ឋាននេះក៏កំពុងខិតខំពង្រីកការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងប្រទេសចិនបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Yunnan Investment Group នៅកម្ពុជា។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកំណត់ឱ្យបានច្បាស់លាស់នូវវិស័យដែលខ្លួនមានជំនាញឯកទេស និងចំណាប់អារម្មណ៍វិនិយោគជាក់លាក់ ដើម្បីស្វែងរកលទ្ធភាពសហការជាមួយក្រសួង។
ការជំរុញនេះផ្តោតលើការទាក់ទាញការវិនិយោគដែលអាចចូលរួមពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនការផ្គត់ផ្គង់វត្ថុធាតុដើម និងធាតុចូលពីក្នុងប្រទេស ព្រមទាំងពង្រីកឱកាសសម្រាប់ផលិតផលកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ប៊ី








