អ្នក​ជំនាញ​បង្ហាញ​ពី​វដ្ត​អភិវឌ្ឍន៍​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា ​ពី​ឆ្នាំ​២០០៧ ​ដល់​បច្ចុប្បន្ន​

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ​៖​ ទី​ផ្សារ​អចលន​ទ្រព្យ​កម្ពុជា​បាន​ឆ្លងកាត់​វដ្ត​អភិវឌ្ឍន៍​សំខាន់​ៗ​ជា​ច្រើន​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ចាប់​ពី​ការ​រីកចម្រើន​ខ្លាំង​នៅ​ឆ្នាំ​២០០៧ ​ការ​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​នៅ​ឆ្នាំ​២០០៨ ​ការ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣ ​រហូតដល់​ដំណាក់កាល​កែសម្រួល​ ​និង​ការ​លំបាក​ចាប់​ពី​ឆ្នាំ​២០២០​ ​មក​ដល់​បច្ចុប្បន្ន​។

​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ SAM ​SN ​Group ​និង​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ ​បាន​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​ប្រែប្រួល​ទី​ផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ថា ​នៅ​ឆ្នាំ​២០០៧​ ​ទីផ្សារ​អចលន​ទ្រព្យ​ ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង ​ដោយ​តម្លៃ​ដីធ្លី​បាន​កើន​ពី​ ​៥០​%​ ​ទៅ​ ​៨០​%​ ​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ​។​

​កំណើន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​លំហូរ​ទុន​វិនិយោគ​បរទេស ជាពិសេស​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​។​ ​ទោះជា​យ៉ាងណា ​ចាប់​ពី​ខែ​កក្កដា ​ឆ្នាំ​២០០៧ ​ទីផ្សារ​បាន​ចាប់ផ្តើម​បង្ហាញ​សញ្ញា​ធ្លាក់ចុះ​បន្តិច​ម្តង​ៗ​។​

​នៅ​ឆ្នាំ​២០០៨ ​តម្លៃ​អចលន​ទ្រព្យ​នៅតែ​បន្ត​កើនឡើង​រហូតដល់​ខែ​មិថុនា ​ប៉ុន្តែ​ក្រោយមក​ ពពុះ​អចលន​ទ្រព្យ​ក៏​ចាប់ផ្តើម​បែកបាក់ ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​សកល ​និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​។ ​ក្នុង​អំឡុងពេល​នោះ​ ​តម្លៃ​អចលន​ទ្រព្យ​បាន​ធ្លាក់ចុះ​ពី​ ​១០​%​ ​ទៅ​ ​២៥​%​ ​អ្នក​ទិញ​មាន​ការ​ថយចុះ​យ៉ាង​ខ្លាំង ​ហើយ​វិស័យ​សំណង់​បាន​បាត់បង់​ការងារ​រាប់​ម៉ឺន​កន្លែង​។

​ក្រោយ​វិបត្តិ​ឆ្នាំ​២០០៨​ ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​បាន​ចាប់ផ្តើម​ងើប​ឡើង​វិញ​ជា​បន្តបន្ទាប់​ចាប់​ពី​ឆ្នាំ​២០១០ ​ហើយ​បាន​វិលត្រឡប់​ទៅ​រក​ការ​រីកចម្រើន​ពេញលេញ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣​។

​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​បាន​លើកឡើង​ថា​ ​ក្រោយ​ការ​ងើប​ឡើង​វិញ​ពេញលេញ​នៅ​ឆ្នាំ​២០១៣​ ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​បាន​ឆ្លងកាត់​វដ្ត​អភិវឌ្ឍន៍​សំខាន់​ៗ​ជា​បន្តបន្ទាប់​ ​ដែល​អាច​បែងចែក​ជា​ពីរ​ដំណាក់កាល​ធំ​ៗ ​គឺ​យុគសម័យ​រុងរឿង​ចាប់​ពី​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​២០១៩ ​និង​យុគសម័យ​នៃ​ការ​កែសម្រួល ​និង​ការ​លំបាក​ចាប់​ពី​ឆ្នាំ​២០២០ ​រហូត​មក​ដល់​បច្ចុប្បន្ន​។

ការ​វិវត្ត​ទាំងនេះ​បង្ហាញ​ពី​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ ​ដោយ​ឆ្លងកាត់​ទាំង​ដំណាក់កាល​រីកចម្រើន​ខ្លាំង វិបត្តិ​ ការ​ងើប​ឡើង​វិញ​ ​និង​ការ​កែសម្រួល​ទីផ្សារ ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ប្រវត្តិ​អភិវឌ្ឍន៍​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​៕

អត្ថបទ៖ ប៊ី