ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានមួយក្នុងការពង្រឹងអត្តសញ្ញាណ និងលើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ម៉ាកសមូហភាព គឺជាម៉ាកដែលអាចប្រើប្រាស់ដោយសមាជិកនៃសហគមន៍ ឬក្រុមអ្នកផលិត និងអាជីវករដែលបំពេញតាមលក្ខខណ្ឌនៃការប្រើប្រាស់ម៉ាកដែលបានកំណត់។ ការចុះបញ្ជីម៉ាកសមូហភាពសម្រាប់ «ក្រូចពោធិ៍សាត់» អាចជួយបញ្ជាក់អត្តសញ្ញាណរួមរបស់ផលិតផល និងរួមចំណែកការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករក្រូចពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។
«ក្រូចពោធិ៍សាត់» មានលក្ខណៈពិសេសមួយចំនួន រួមមាន រសជាតិជូរអែម ឆ្ងាញ់ពិសា និងមានសំបកពណ៌បៃតង ពណ៌លឿង ឬពណ៌លឿងទុំ ដែលមានផ្ទៃរលោង ឬគ្រើមតិចៗ។
ក្រូចពោធិ៍សាត់មានកំពឹសទន់ ទឹកច្រើន ឬកំពឹសរឹង សាច់ច្រើន ដែលជាលក្ខណៈរបស់ផលិតផលដែលត្រូវបានកំណត់ក្នុងការចុះបញ្ជីម៉ាកសមូហភាព។
បច្ចុប្បន្ន ក្រូចពោធិ៍សាត់មានផ្ទៃដីដាំដុះសរុបចំនួន ៣ ០៤៧ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ១ ៩៣៨ ហិកតា ដោយផ្តល់បរិមាណផលប្រមាណ ២៩ ៨៨១ តោនក្នុងមួយឆ្នាំ។
ការប្រមូលផលក្រូចពោធិ៍សាត់មានរយៈពេល ៨ ខែ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និងផ្តល់ទិន្នផលជាមធ្យមពី ១២ ទៅ ១៦ តោនក្នុងមួយហិកតា។
ការចុះបញ្ជីជាម៉ាកសមូហភាពជាផ្លូវការ គឺជាជំហានមួយបន្ថែមទៀតសម្រាប់ «ក្រូចពោធិ៍សាត់» ក្នុងការពង្រឹងអត្តសញ្ញាណផលិតផល និងការទទួលស្គាល់នៅលើទីផ្សារ ព្រមទាំងការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករដែលពាក់ព័ន្ធនឹងផលិតផលនេះ៕
អត្ថបទ៖ ប៊ី






