កម្ពុជា-ជប៉ុន ជំរុញការវិនិយោគស្អាត និងបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ កម្ពុជា និងជប៉ុន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតង តាមរយៈការជំរុញបច្ចេកវិទ្យាកាបូនទាប កសិកម្មឆ្លាតវៃ ទីផ្សារកាបូន និងការប្រើប្រាស់ទិន្នន័យផ្កាយរណប ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការជំរុញនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពិធីបើក «វេទិកាសហប្រតិបត្តិសេដ្ឋកិច្ចលំហរអាកាសកម្ពុជា-ជប៉ុនស្តីពីការបង្កើតបណ្តាញទំនាក់ទំនង និងការតភ្ជាប់អាជីវកម្ម» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី។

ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់លើសកម្មភាពអាកាសធាតុ ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កម្ពុជា និងជប៉ុន ក៏បានសហការយ៉ាងជិតស្និទ្ធតាមរយៈយន្តការ Joint Crediting Mechanism (JCM) លើការប្រើប្រាស់បច្ចេកវិទ្យាកាបូនទាប ដោយរួមមានប្រព័ន្ធភ្លើង LED ថាមពលពន្លឺព្រះអាទិត្យ និងគម្រោងស្រូវស្រោចស្រពបែបឆ្លាស់ផ្លាស់ប្តូរទឹករាំង-សើម (AWD) ដែលមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នមេតាន និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមដល់កសិករ។

ជាមួយគ្នានេះ កិច្ចសហការក៏ផ្តោតលើការប្រើប្រាស់ទិន្នន័យផ្កាយរណប និងបច្ចេកវិទ្យាបញ្ជាពីចម្ងាយពី JAXA ដើម្បីពង្រឹងការតាមដានការប្រែប្រួលបរិស្ថាន កសិកម្ម និងការគ្រប់គ្រងដីធ្លី។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគ ក្រុមហ៊ុន និងស្ថាប័ននៃប្រទេសទាំងពីរ ឱ្យចាប់ដៃគូវិនិយោគលើវិស័យកសិកម្មឆ្លាតវៃ (Climate-Smart Agriculture) ទីផ្សារកាបូន ប្រព័ន្ធទិន្នន័យឌីជីថល និងបច្ចេកវិទ្យាបៃតងផ្សេងៗ ដើម្បីជំរុញការវិនិយោគស្អាត និងបៃតងប្រកបដោយចីរភាព។

វេទិកានេះត្រូវបានរំពឹងថា នឹងបើកផ្លូវថ្មីបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រវាងកម្ពុជា និងជប៉ុន។

ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូតជប៉ុន អង្គការ JETRO, JAXA, Japan Space Forum ព្រមទាំងវិស័យឯកជន និងស្ថាប័នស្រាវជ្រាវជាច្រើន ដើម្បីលើកកម្ពស់ការវិនិយោគបៃតង បច្ចេកវិទ្យាច្នៃប្រឌិត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times