អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា បានឲ្យដឹងថា លោក និងលោក Michael Raine ប្រធានអង្គការAPOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នាក្រោមគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្ដារឡើងវិញនៅតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។

គម្រោងនេះមានរយៈពេលអនុវត្ត ១៨ខែ ចាប់ពីខែតុលា ឆ្នាំ ២០២៦ ដល់ខែមីនា ឆ្នាំ ២០២៨ ដោយមានថវិកាគាំទ្រគម្រោងសរុប ១ ៦០០ ០០០ អឺរ៉ូ ស្មើនឹងប្រមាណ១ ៨០០ ០០០ ដុល្លារ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប(EU)។
អង្គការAPOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អង្គភាពCMAC ក្នុងការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ ២០១៤ មក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំង ២ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែងដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់គ្រាប់បែកចង្កោមរបស់ថៃឈ្លានពានក្នុងសង្គ្រាមឆ្នាំ ២០២៥ ដែលបានបាញ់ផ្លោងមកលើលំនៅឋាន និងស្រែចម្ការរបស់ប្រជាជន ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាតមីន រួមទាំងការប្រើប្រាស់សុនខ និងកណ្ដុរហិតមីនក្នុងប្រតិបត្តិការមនុស្សធម៌។


ការអនុវត្តគម្រោងនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC ដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
តាមរយៈគម្រោងនេះ អង្គភាពCMAC និងអង្គការAPOPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ នេះជាការរួមចំណែកដ៏មានអត្ថន័យក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ ការស្តារសហគមន៍ និងការលើកកម្ពស់សន្តិសុខមនុស្សនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា៕



អត្ថបទ៖ ឆដា, រូបភាព៖ PRU






