អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business ចុះពិនិត្យមើលការដ្ឋានរោងចក្រផលិត Tablets Laptops Desktops

អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន នៅតែ​បន្ត​ការងារ​ចុះ​ពិនិត្យ​មើល​ការងារ​ជា​ប្រចាំ ហើយ​កាលពី​ថ្ងៃ ១០ ខែ​តុលា ឆ្នាំ ២០២៦ លោក​បាន​ដឹកនាំ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ខ្មែរអន្តរជាតិ KH Haitech-Haier Global Business ចុះ​ពិនិត្យ​មើល​ការ​ដ្ឋាន​សាងសង់​រោងចក្រ​ផលិត Tablets, Laptops, Desktops ៤ អគារ ដែល​មាន​ទំហំ​វិនិយោគ ១០០ លានដុល្លារ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

​ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business បាន​នៅតែ​ខិតខំ​មិន​​ឈប់ឈរ​ឡើយ បើ​ទោះ​ជា​ព្រះរាជាណា​ចក្រ​កម្ពុជា ស្ថិត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ។ នោះ​ក៏​ព្រោះតែ​ចង់​ឲ្យ​​រោងចក្រ​ផលិត Tablets,Laptops និង Desktops ឆាប់​បញ្ចប់​ការ​សាងសង់​ឆាប់​ៗ​នេះ។

អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន ធ្លាប់​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​គ្រឿង​សម្ភារៈ​អេឡិចត្រូនិក Tablets,Laptops និង Desktops ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​​នោះ នឹង​ប្រើប្រាស់​ទំហំ​ដី​រហូត​ទៅ​ដល់​ជាង ៥.៧ ហិកតា​ឯណោះ។

គួរ​បញ្ជាក់​ថា អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ខ្មែរ​អន្តរជាតិ KH Haitech-Haier Global Business តែងតែ​ចុះ​ពិនិត្យ​មើល​ការងារ​ការ​សាងសង់​រោងចក្រ​ជា​ប្រចាំ។

នៅ​ពេល​ដែល​រោងចក្រ​លេចចេញ​ជា​រូបរាង Tablets, Laptops និង Desktops នោះ​តំបន់​សេដ្ឋកិច្ច​ជ្រោយចង្វារ នឹង​កាន់តែ​មមាញឹក ហើយ​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ក្នុង​ស្រុក​បាន​បន្ថែម​ទៀត ហើយ​ជា​ពិសេស​ជា​ផ្នែក​មួយ​ចូលរួម​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​ទៀត​ផង៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ