កម្ពុជា​កំណត់​សសរស្តម្ភ​យុទ្ធសាស្ត្រ​ ៥​ ត្រៀម​ទប់ទល់​បញ្ហា​ប្រឈម​ក្រោយ​ចាកចេញ​ពី​ ​LDC

តាមដានជាមួយយើង៖ Million Times

​​ភ្នំពេញ​៖​ ​ក្រសួង​ផែនការ ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ ​បាន​រៀបចំ​សិក្ខាសាលា​ផ្ទៀងផ្ទាត់​ថ្នាក់​ជាតិ​លើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​អន្តរកាល​ដោយ​រលូន ​(​Smooth ​Transition Strategy ​–​ STS​)​ ​ដោយ​កំណត់​សសរស្តម្ភ​យុទ្ធសាស្ត្រ​ចំនួន​ ៥ ​សម្រាប់​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ប្រឈម​ ​និង​រក្សា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ក្រោយ​កម្ពុជា​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​នៅ​ថ្ងៃ​ទី​១៩​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៩​។​

​សិក្ខាសាលា​នេះ​ធ្វើឡើង ​កាលពី​ថ្ងៃ​ទី​២៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​នៅ​សណ្ឋាគារ​ សាន់ & ​មូន​ រី​វើ​សាយ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ប៊ិន ត្រ​ឈៃ ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​ដោយ​មាន​ការ​ចូលរួម​ពី​លោក​ស្រី​ វ្ល៉ាដាន់​កា ​អាន់ឌ្រេវ៉ា ​(​Vladanka ​Andreeva​)​ ​អ្នក​សម្របសម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ ​ព្រមទាំង​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​ដៃគូ​អភិវឌ្ឍន៍​ ​អង្គការ​សង្គម​ស៊ីវិល ​វិស័យ​ឯកជន​ ​សមាគម​ពាណិជ្ជកម្ម ​និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

​គោល​បំណង​នៃ​សិក្ខាសាលា​នេះ​ ​គឺ​ដើម្បី​ពិនិត្យ​ ​និង​ផ្ទៀងផ្ទាត់​ជា​លើក​ចុងក្រោយ​លើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ STS ​ឱ្យ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​ ត្រឹម​ត្រូវ ​អាច​អនុវត្ត​បាន​ ​និង​ឆ្លើយតប​ទៅ​នឹង​អាទិភាព​នៃ​ការ​អភិវឌ្ឍ​ជាតិ​ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​ចាកចេញ​ពី​ LDC​។

​ក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​ ​ឯកឧត្តម​ ​ប៊ិន ត្រឈៃ ​បាន​គូសបញ្ជាក់​ថា​ ​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ចំណាត់ថ្នាក់ LD​C ​នៅ​ថ្ងៃ​ទី​១៩​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៩ ​នឹង​ក្លាយជា​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ប្រទេស​ ​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ​និង​ការ​គាំទ្រ​ពី​ស្ថាប័ន​ ​អង្គការ​សហ​ប្រជា​ជាតិ​ ​ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​។

​ឯក​ឧត្តម ​បាន​លើកឡើង​ថា​ ​កម្ពុជា​សម្រេចបាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​លើ​វិស័យ​សេដ្ឋកិច្ច​ ​និង​សង្គម ​ដោយ​ក្នុង​អំឡុង​ឆ្នាំ​២០០១ ​ដល់​ឆ្នាំ​២០១៩​ ​សេដ្ឋកិច្ច​មាន​កំណើន​ជា​មធ្យម​ប្រមាណ​ ៨​%​ ​ក្នុង​មួយ​ឆ្នាំ​ ​ធ្វើឱ្យ​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​កើនឡើង​ជាង​ ​១០​ដង​ ​ដល់​ ៣៧​,​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​។

​ក្រោយ​វិបត្តិ​កូវីដ​-​១៩ ​សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ជា​មធ្យម​ប្រមាណ​ ​៤​,​៨​%​ ​ក្នុង​អំឡុង​ឆ្នាំ​២០២១ ​ដល់​ឆ្នាំ​២០២៥ ​ដែល​ធ្វើឱ្យ​ទំហំ​ ​GDP ​កើន​ដល់​ប្រមាណ​ ៥​១​,​៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​នៅ​ឆ្នាំ​២០២៥​។ ​ជាមួយគ្នា​នេះ​ ​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​បាន​កើន​ដល់​ ០​,​៦០៦ ​នៅ​ឆ្នាំ​២០២៣ ​អាយុ​សង្ឃឹម​រស់​កើន​ដល់​ ៧៦​ឆ្នាំ​ ​ខណៈ​អត្រា​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​បាន​ធ្លាក់ចុះ​ពី​ ​៣៣​,​៨​%​ ​នៅ​ឆ្នាំ​២០០៩ ​មក​នៅ​ត្រឹម​ ​១៧​,​៨​%​ ​នៅ​ឆ្នាំ​២០១៩​-​២០២០​។

​លើស​ពី​នេះ​ ​តាមរយៈ​ការ​វាយតម្លៃ​របស់​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ​(​CDP​)​ ​ក្នុង​ឆ្នាំ​២០២១ ​និង​ឆ្នាំ​២០២៤ ​កម្ពុជា​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ទាំង​បី​សម្រាប់​ការ​ចាកចេញ​ពី​ LDC​។ ​ក្នុង​នោះ​ ​សន្ទស្សន៍​ទ្រព្យសម្បត្តិ​មនុស្ស​ទទួល​បាន​ ៧៧​,​៨ ​ពិន្ទុ ​ខ្ពស់​ជាង​កម្រិត​កំណត់​ ៦៦ ​ពិន្ទុ ​ខណៈ​សន្ទស្សន៍​ភាព​ងាយរងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ ​និង​បរិស្ថាន​ទទួល​បាន​ ២៤​,​១ ​ពិន្ទុ ​ទាប​ជាង​កម្រិត​កំណត់​ ៣​២ ពិន្ទុ​។

​ទោះជា​យ៉ាងណា​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ចាកចេញ​ពី​ ​LD​C ​មិន​មែន​ជា​ចំណុច​បញ្ចប់​នៃ​ដំណើរការ​អភិវឌ្ឍន៍​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ចាប់ផ្តើម​ដំណាក់កាល​ថ្មី ​ដែល​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នានា ​ជា​ពិសេស​ការ​បាត់បង់​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម ​និង​ការ​ប្រឈម​នឹង​លក្ខខណ្ឌ​ហិរញ្ញប្បទាន​តឹង​រឹង​ជាង​មុន​។

​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ទាំង​នេះ​ ​កម្ពុជា​ត្រូវ​ពង្រឹង​ការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ ​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​ក្នុង​ស្រុក​ ​ព្រមទាំង​បង្កើន​ការ​កៀរគរ​ធនធាន​ក្នុង​ស្រុក​សម្រាប់​ការ​អភិវឌ្ឍ​។

​ឯ​ក​ឧត្តម​បាន​បញ្ជាក់​ថា​ ​កម្ពុជា​មិន​អាច​បន្ត​ពឹងផ្អែក​លើ​គំរូ​អភិវឌ្ឍន៍​ចាស់​ ​ដែល​ផ្អែក​លើ​ការ​នាំចេញ​ផលិតផល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ និង​ភាព​អនុគ្រោះ​ពន្ធ ​ព្រមទាំង​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដដែល​ៗ​បាន​ទៀត​នោះ​ទេ​។ ​ដូច្នេះ​ ​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ​ឆ្ពោះទៅ​រក​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ ​បច្ចេកវិទ្យា​ឌីជីថល ​កសិ​ឧស្សាហកម្ម ​និង​សេវាកម្ម​ទំនើប​ ​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ធានា​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​។

​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ STS ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១ ​និង​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ​ដោយ​ផ្តោត​លើ​សសរស្តម្ភ​យុទ្ធសាស្ត្រ​ចំនួន​៥ រួម​មាន​៖

១​. ​ការ​ពង្រឹង​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ការ​កៀរគរ​ធនធាន​ក្នុង​ស្រុក​។​

២​.​ ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ការ​ធ្វើ​ពិពិធកម្មភាព​ប្រកួតប្រជែង​ ​និង​ការ​លើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​។

៣​.​ ​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ការ​ពង្រឹង​សមត្ថភាព​ផលិតកម្ម ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​។

៤​.​ ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​និង​ការ​ពង្រឹង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

៥​.​ ​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ ​អភិបាល​កិច្ច ​កិច្ច​សហប្រតិបត្តិការ​ ​និង​ភាព​ជា​ដៃគូ​។

ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​ការ​អភិវឌ្ឍ​ដែល​ដាក់​ប្រជាជន​ជា​ស្នូល ​និង​មិន​ទុក​នរណា​ម្នាក់​ចោល ​ដោយ​ត្រូវ​ផ្តល់​ការ​គាំទ្រ​ជាក់លាក់​ដល់​កម្មករ​និយោជិត​ ស្ត្រី ​ជន​មាន​ពិការភាព​ ​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ដែល​ងាយ​រង​ហានិភ័យ​ធ្លាក់ចូល​ក្នុង​ភាព​ក្រីក្រ​។

​ក្នុង​ឱកាស​នោះ​ ​លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ចូលរួម​ទាំងអស់​ផ្តល់​មតិ​យោបល់​លើ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ ​ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ​ចំនួន​៤ រួម​មាន​ ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ​ស្ថិតិ​ ​វិសាលភាព​ ​និង​លទ្ធភាព​អនុវត្ត​ ​ព្រមទាំង​ភាព​ស៊ីសង្វាក់​គ្នា​នៃ​សសរស្តម្ភ​យុទ្ធសាស្ត្រ ​និង​វិធានការ​អាទិភាព​ ការ​កំណត់​តួនាទី​របស់​ក្រសួង​ ​ស្ថាប័ន​ ​និង​ដៃគូ​អភិវឌ្ឍន៍​ឱ្យ​បាន​ច្បាស់លាស់ ​និង​ការ​រៀបចំ​យន្តការ​តាមដាន​ ត្រួតពិនិត្យ​ វាយតម្លៃ​ ​និង​រាយការណ៍​។

យោង​តាម​ក្រសួង​ផែនការ បន្ទាប់ពី​ការ​ផ្ទៀងផ្ទាត់ ​និង​បញ្ចូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ STS ​នឹង​ត្រូវ​បញ្ចប់​ ​និង​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​ចាកចេញ​របស់​កម្ពុជា​ពី ​LDC ​និង​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​នៅ​ចុង​ឆ្នាំ​២០២៦​។ ​ចំណែក​ការ​អនុវត្ត​វិធានការ​អាទិភាព​ក្នុង​ដំណាក់កាល​ដំបូង​ ​គ្រោង​នឹង​ធ្វើឡើង​ក្នុង​អំឡុង​ឆ្នាំ​២០២៧ ​ដល់​ឆ្នាំ​២០២៩​។

​សិក្ខាសាលា​នេះ​ត្រូវ​បាន​ចាត់ទុក​ជា​ជំហាន​សំខាន់​ក្នុង​ការ​ពង្រឹង​ភាព​ជាម្ចាស់​ជាតិ​ ​និង​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ថា​ ​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ចំណាត់ថ្នាក់ LD​C ​ប្រព្រឹត្តទៅ​ដោយ​រលូន មាន​ភាព​ធន់ ​និង​ចីរ​ភាព​ ​ព្រមទាំង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ឱ្យ​កាន់តែ​រីកចម្រើន​៕

អត្ថបទ​៖​ ប៊ី