កោះស្ដេច ជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល និងមានភាពទាក់ទាញខ្លាំង ហើយត្រូវអ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបោះទុនវិនិយោគ ដោយចំណាយពេលច្រើនសន្ធឹក ដើម្បីអភិវឌ្ឍន៍ឲ្យក្លាយជាកោះមួយដ៏អស្ចារ្យ។


ថ្មីៗនេះអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប និង VET Property Management បានបង្ហាញពីទំហំទឹកប្រាក់ដ៏ច្រើន ដើម្បីរៀបចំតំបន់ទេសចរណ៍កោះស្តេច ដោយចំណាយអស់ជាង ៦០ លានដុល្លារឯណោះ។
អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់តាមរយៈវីដេអូមួយថា ក្រោយពីចាក់សាច់ប្រាក់ ជាង ៦០ លាន ដុល្លារ ក្នុងការរៀបចំតំបន់ទេសចរណ៍កោះស្ដេចបែបសហគមន៍ និងទាន់សម័យប្រកបដោយ អនាម័យ សុវត្ថិភាព ផាសុកភាព ជាមួយកំពង់ផែត្រឹមត្រូវ ចំណតរថយន្តរាប់រយគ្រឿងបានត្រៀមរួចជាស្រេច។

អ្នកឧកញ៉ាបានបញ្ជាក់ថា តំបន់លក់ដូរសហគមន៍ ប្រព័ន្ធទឹកស្អាត រីស៊តចាប់ពីលំដាប់ទាប ដល់ផ្កាយប្រាំ, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពេញលេញ ជាហេតុផលចម្បងដែលធ្វើឲ្យតំបន់កោះស្ដេច ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមនាំមកនូវកំណើនសេដ្ឋកិច្ចប្រជាជនក្នុងតំបន់កោះស្ដេចគ្រប់ៗគ្នាប្រែក្លាយពីកោះដាច់ស្រយាល កោះនេសាទ ក្លាយជាតំបន់កោះទេសចរណ៍។
តំបន់កោះស្ដេច មានប្រជុំកោះប្រមាណ ១៧ កោះ ប្រជុំកោះទាំង ១៧ មានភាពទាក់ទាញផ្សេងៗគ្នា។ កោះខ្លះមានឆ្នេរ និងសម្បូរទៅដោយផ្កាថ្មស្រស់ស្អាតទាក់ទាញទេសចរយ៉ាងខ្លាំង ហើយ កោះខ្លះទៀត មានអំណោយផលទៅលើការស្ទូចត្រី និងមើលផ្កាថ្ម។
អគ្គនាយកក្រុមហ៊ុន VET Property Management បានវិនិយោគលើរីស៊តជាង ១០ កន្លែងនៅតាមបណ្ដាខេត្តមួយចំនួន ពិសេសគឺនៅខេត្តកុងកោះ។ សម្រាប់នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង អ្នកឧកញ៉ាមានរីស៊តល្បីៗដូចជា កោះស្តេចរីស៊ត (Koh Sdach Resort), កោះអភិជនរីស៊ត (Koh Apikjun Resort), រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ (Royal Beach Resort & Residence) និងម៉េតម័ងឃី រីស៊ត (Mad Monkey Resort) ផងដែរ៕
អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Dr. Vireak Suo






