
កម្ពុជា និងវៀតណាមបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ការផ្លាស់ប្តូរការសិក្សា ការផ្តល់អាហារូបករណ៍ និងការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នា ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងសមត្ថភាពមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកសាស្ត្រាចារ្យបណ្ឌិត Bui Duc Tho នាយកសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ (NEU) នៃប្រទេសវៀតណាម និងសហការី ក្នុងឱកាសដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។
ក្នុងជំនួបនេះ លោក Bui Duc Tho បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ និងបានជម្រាបជូនអំពីការរួមចំណែករបស់សាកលវិទ្យាល័យក្នុងការបណ្តុះបណ្តាលនិស្សិតវៀតណាម ជាពិសេសការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ជាការឆ្លើយតប ឯកឧត្តម ហួត ហាក់ បានស្នើឱ្យភាគីវៀតណាមពិនិត្យលទ្ធភាពបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការតាមរយៈការចុះ MoU ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។
សំណើនេះរួមមានការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សាសម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជា លើការគ្រប់គ្រងទេសចរណ៍ ស្ថិតិទេសចរណ៍ និងការរៀបចំផែនការយុទ្ធសាស្ត្រទេសចរណ៍ ព្រមទាំងការផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរការសិក្សា និងកម្មសិក្សានៅប្រទេសវៀតណាមសម្រាប់និស្សិត និងមន្ត្រីទេសចរណ៍កម្ពុជា។
ភាគីទាំងពីរក៏បានលើកឡើងពីការរៀបចំវគ្គសិក្សារដូវក្តៅ (Summer Course) សិក្ខាសាលា និងសន្និសីទរួមគ្នា ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងជំរុញការតភ្ជាប់ទេសចរណ៍រវាងកម្ពុជា និងវៀតណាម។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដោយគ្រោងរៀបចំ MoU ដែលអាចចុះហត្ថលេខានាពេលខាងមុខនៅកម្ពុជា ឬវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សាសម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងសិក្ខាសាលា ឬសន្និសីទស្រាវជ្រាវរួមគ្នា ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍។
គួរបញ្ជាក់ថា សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម (NEU) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៦ និងបានប្រារព្ធខួបលើកទី៧០ នៅឆ្នាំ២០២៦នេះ។ សាកលវិទ្យាល័យនេះត្រូវបានចាត់ទុកជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសវៀតណាម ដោយបច្ចុប្បន្នមាននិស្សិតប្រមាណ ៤០.០០០នាក់កំពុងសិក្សាលើជំនាញផ្សេងៗ ហើយនិស្សិតកម្ពុជាប្រមាណ ១០០នាក់បានចុះឈ្មោះចូលរៀនជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ប៊ី











