ក្រុមហ៊ុន​ធំ​ៗ​ពី​សៀង​ហៃ​ ​សម្លឹង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ផ្តោត​លើ​កសិកម្ម ​និង​កសិឧស្សាហកម្ម

​ភ្នំពេញ​៖ ​គណៈ​ប្រតិភូ​ធុរកិច្ច​ប្រមាណ ៤៥​រូប ​មកពី​សមាគម​ Shanghai ​International ​Cooperation Association of Small ​and ​Medium ​Enterprises ​នៃ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន ​បាន​អញ្ជើញ​មក​ស្វែងយល់​ពី​បរិយាកាស​ ​និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​បង្ហាញ​ចំណាប់អារម្មណ៍​លើ​វិស័យ​កសិកម្ម​ ​កសិឧស្សាហកម្ម ​និង​ការ​កែច្នៃ​ស្វាយចន្ទី​។

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​កាលពី​ថ្ងៃ​ទី​២៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​ ​ជា​ វុទ្ធី​ ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​បាន​ទទួល​ជួប​គណៈ​ប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក​ ​ឈាន ជិន​ហ័រ ​(​Qian ​Zhenhua​)​ ​ប្រធាន​សមាគម​ Shanghai ​International ​Cooperation Association of Small ​and ​Medium ​Enterprises ​ដោយ​មាន​ការ​សម្របសម្រួល​ពី​ឯកឧត្តម​បណ្ឌិត​ ហេង​ ​វុទ្ធី ​ប្រធាន​សមាគម​សហព័ន្ធ​ជំរុញ​ពាណិជ្ជកម្ម ​និង​វិនិយោគ​ជាតិ​កម្ពុជា​។

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​ ​ជា​ វុទ្ធី ​បាន​លើកឡើង​ពី​កំណើន​លំហូរ​វិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ចំណង​មិត្តភាព​ដែក​ថែប ​និង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​ទាំង​ពីរ​។

ទន្ទឹម​នេះ​ ​ឯកឧត្តម​បាន​ស្នើ​ឱ្យ​សមាគម​ជួយ​ជំរុញ ​និង​ទាក់ទាញ​វិនិយោគិន​ចិន​ឱ្យ​មក​បង្កើត​មូលដ្ឋាន​ផលិតកម្ម​នៅ​កម្ពុជា​បន្ថែម​ទៀត ​ជាពិសេស​ការ​ផលិត​វត្ថុធាតុដើម​ ​និង​ទំនិញ​ពាក់កណ្តាល​សម្រេច ​ដើម្បី​ពង្រឹង​ស្ថិរ​ភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​។ ​ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ពិចារណា​លើ​វិស័យ​កសិកម្ម ​និង​កសិឧស្សាហកម្ម ​រួម​មាន​ការ​កែច្នៃ​ជ័រ​កៅស៊ូ ​ស្វាយចន្ទី ​ដំឡូង​មី ​ស្រូវ​អង្ករ​ ​និង​ឈើ​ដាំ​។

​ជា​ការ​ឆ្លើយតប​ ​លោក​ ​ឈាន ជិន​ហ័រ ​បាន​ឱ្យ​ដឹង​ថា​ ​គណៈ​ប្រតិភូ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​ ​សុទ្ធតែ​ជា​តំណាង​ក្រុមហ៊ុន​ធំ​ៗ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ ​និង​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ចម្រុះ ​រួម​មាន​ ​សំណង់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​វាយនភណ្ឌ​ ​បច្ចេកវិទ្យា​កសិកម្ម​ ​បច្ចេកវិទ្យា​ការពារ​បរិស្ថាន​ បច្ចេកវិទ្យា​ឌីជីថល ​ឧបករណ៍​វេជ្ជសាស្ត្រ​ ​ភស្តុភារ​កម្ម ​និង​សេវាកម្ម​វិនិយោគ​និង​ហិរញ្ញវត្ថុ​។

​លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ​តាមរយៈ​ជំនួប​នេះ​ គណៈ​ប្រតិភូ​នឹង​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ​ដើម្បី​បង្កើន​ទំនុកចិត្ត​ ​និង​ជំរុញ​ការ​នាំយក​វិនិយោគិន​ពី​ទីក្រុង​សៀង​ហៃ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត​។

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​លឹម ​វិសាល ​អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា ​បាន​ធ្វើ​បទបង្ហាញ​អំពី​បរិយាកាស​វិនិយោគ​ របប​លើក​ទឹកចិត្ត​វិនិយោគ​ ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ​និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​អាទិភាព​ ​ជាពិសេស​កសិកម្ម ​និង​កសិឧស្សាហកម្ម​។

​ឯក​ឧត្តម​បាន​គូសបញ្ជាក់​ពី​សក្តានុពល​របស់​កម្ពុជា​ក្នុង​ការ​វិនិយោគ​លើ​ការ​កែច្នៃ​កសិផល ​ដោយ​សារវិស័យ​នេះ​មាន​ភាព​ធន់​នឹង​វិបត្តិ ​និង​ភាព​តានតឹង​ពាណិជ្ជកម្ម ​ព្រមទាំង​មាន​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​ចិន ​ដែល​ជា​ទីផ្សារ​ដ៏​ធំ ​និង​ជា​ដៃគូ​ដែល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​។

​ក្រោយ​បទបង្ហាញ ​គណៈប្រតិភូ​បាន​លើក​ជា​សំណួរ​ជា​ច្រើន​ ដែល​ភាគ​ច្រើន​ផ្តោត​លើ​ឱកាស​វិនិយោគ​ក្នុង​ការ​កែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា​។ ​ឆ្លើយតប​នឹង​ចំណាប់អារម្មណ៍​នេះ​ ​ឯកឧត្តម​ ​ជា​ វុទ្ធី ​បាន​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​វិស័យ​កែច្នៃ​ស្វាយចន្ទី​ ​តាមរយៈ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឯកទេស​ឧស្សាហកម្ម​កែច្នៃ​ស្វាយចន្ទី​នៅ​ខេត្ត​កំពង់ធំ​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ​គ្រោង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​លើកទឹកចិត្ត​ពិសេស​បន្ថែម​លើ​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​វិនិយោគ ​ព្រមទាំង​ការ​សម្របសម្រួល​ក្នុង​ការ​ផ្តល់​ឥណទាន ​ដើម្បី​ជំរុញ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​កែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times