ពិធីមង្គលការបែបខ្មែររយៈពេល ២ ថ្ងៃរបស់អគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុនជីបម៉ុង ហ្វូត អេន ប៊ែវើរីជីស និងភរិយា ស៊ុន សីមូនី ដែលត្រូវជាកូនស្រីលោកលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ទៅ និងបន្សល់ទុកនូវការកោតសរសើរមិនដាច់ពីមាត់។


នៅពេលកម្មវិធីប្រពៃណីខ្មែរ បានចប់រួចរាល់ ឈានមកដល់រាត្រី ភ្ញៀវកិត្តិយសបានចូលរួមកម្មវិធីលៀងសាយភោជន៍ ក្នុងទឹកមុខញញឹមញញែម។ ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រសារទាំងសងខាង ព្រមទាំងសាមីខ្លួនទាំង ២។
នាពេលរាត្រីកូនកំលោះកូនក្រមុំ ស្ថិតក្នុងឈុតសបែបបស្ចឹមប្រទេស បណ្ដើរគ្នាត្រសង និងរាំបើកឆាកនៃកម្មវិធី យ៉ាងស្រស់ស្អាត ប្រៀបដូចព្រះអង្គម្ចាស់ និងព្រះនាងក្នុងព្រេងនិទាន។ ការរៀបចំភ្លើង អំពូលគ្រីស្ដាល់ ផ្កានិងរូបភាពជាច្រើន បង្កើតបានជាភាពប្រណីត និងស្រស់ស្អាតខ្លាំង ពិបាកនឹងបរិយាយ។
ទិដ្ឋភាពទាំងមូលនៃពិធីលៀងសាយភោជន៍ ទាំងក្រុមគ្រួសារ សាច់ញាតិ និងភ្ញៀវទាំងអស់ ពិតជាមានភាពសប្បាយរីករាយខ្លាំងទាំងអស់គ្នា។


ពិធីបែបខ្មែរ និងជប់លៀងសាយភោជន៍ដែលពោរពេញទៅភាពអធិកអធម ពេញយស ពិតជាស័ក្តិសមនឹងកិត្តិយសនៃក្រុមគ្រួសារទាំងសងខាង។ កាន់តែពិសេស ការរៀបចំតុបតែងខ្លួន និងរោងជ័យ បានលើកតម្លៃនៃភាពជាខ្មែរ បង្ហាញទៅដល់ភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលបានអញ្ជើញចូលរួមឲ្យពរជ័យដល់គូស្វាមីថ្មោងថ្មី។
កម្មវិធីរបស់គ្រួសារសេដ្ឋីប្រចាំស្រុកខ្មែរ មិនត្រឹមតែល្បាញល្បីព្រោះឋានៈ មុខមាត់ក្នុងសង្គមប៉ុណ្ណោះទេ តែក៏ព្រោះកូនកំលោះ និងកូនក្រមុំ ដែលជាគូស្វាមីភរិយាថ្មោងថ្មី មានស្នាដៃ ចរិយាសម្បត្តិ រូបសម្បត្តិ ព្រមទាំងចំណេះជំនាញពេញខ្លួនស្រាប់ទៀតផង៕





















អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត និង LP Pro Stage, Lighting & Sound






