
កម្ពុជា និងវៀតណាម បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ដោយផ្ដោតលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ ការពារជាតិ ថាមពល និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៧,១៦ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦។
ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ក្នុងឱកាសដែលសម្ដេចធិបតីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទាំងពីរ ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១៣ នាពេលខាងមុខ។
ឯកឧត្តមក៏បានអបអរសាទរកម្ពុជាចំពោះជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលបានរួមចំណែកលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងលទ្ធផលជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងចំណងមិត្តភាពនេះ។
ជាការឆ្លើយតប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ សម្ដេចធិបតីក៏បានអបអរសាទរវៀតណាម ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅឆ្នាំ២០២៧ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយសង្កត់ធ្ងន់លើការបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។
ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានសង្កត់ធ្ងន់លើចំណងមិត្តភាពដ៏ល្អ និងជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ នៅឆ្នាំ២០២៧។
ទន្ទឹមនឹងនេះ មេដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីការដាក់ចេញនូវយន្តការជាក់ស្ដែង ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ ការពារជាតិ ថាមពល អប់រំ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបាន ៧,១៦ ពាន់លានដុល្លារ កើនឡើង ៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាមមានទំហំ ៣,៤ ពាន់លានដុល្លារ កើនឡើង ៨,៤% ខណៈការនាំចូលរបស់វៀតណាមមកកម្ពុជាមានទំហំ ៣,៧ ពាន់លានដុល្លារ កើនឡើង ៩,២% ។
តួលេខនេះបង្ហាញពីការបន្តកើនឡើងនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា និងវៀតណាមប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិស័យអាទិភាពផ្សេងៗទៀត៕
អត្ថបទ៖ ប៊ី










