
កណ្តាល៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គមយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសការបង្កើនប្រសិទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការជំរុញការអភិវឌ្ឍតំបន់ជុំវិញឱ្យកាន់តែរីកចម្រើន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន បានដឹកនាំប្រតិភូ និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្តាល ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីធានាឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា។
ការចុះពិនិត្យនេះមានគោលបំណងសិក្សា និងវាយតម្លៃលើទិដ្ឋភាពបច្ចេកទេសជាក់ស្តែង ពិនិត្យតម្រាយផ្លូវជីកព្រែក និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តស្របតាមផែនការមេដែលបានកំណត់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ផ្សេងៗឱ្យនៅកម្រិតអប្បបរមា។
ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុកកោះធំ ឱ្យបន្តសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារសាងសង់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។
បន្ទាប់ពីបញ្ចប់ការចុះពិនិត្យការដ្ឋានក្នុងស្រុកកោះធំ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើរ បានបន្តចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
ការចុះទស្សនកិច្ចនេះមានគោលបំណងសិក្សាឱ្យកាន់តែស៊ីជម្រៅអំពីបច្ចេកទេសសាងសង់ ការគ្រប់គ្រងប្រព័ន្ធផ្លូវទឹក ការត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតាមសងខាងផ្លូវទឹក ដើម្បីទាញយកផលប្រយោជន៍ឱ្យបានអតិបរមាជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។
ឯកឧត្តម គួច ចំរើន បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គមយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសការបង្កើនប្រសិទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក ប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍតំបន់ជុំវិញឱ្យកាន់តែរីកចម្រើន។
លោកក៏បានកោតសរសើរដល់ក្រុមការងារបច្ចេកទេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានចូលរួមសហការយ៉ាងសកម្ម និងគាំទ្រដល់ការអនុវត្តគម្រោងនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រដំបូងគេនៅកម្ពុជា ដែលភ្ជាប់ប្រព័ន្ធទន្លេបាសាក់ទៅកាន់ឆ្នេរសមុទ្រខេត្តកែប។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន វិស័យកសិកម្ម ធារាសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ។
គម្រោងនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯកនៃទន្លេបាសាក់ និងព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ រហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន កណ្តាល តាកែវ កំពត និងកែប។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ និងផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ក្នុងនោះជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ។ គម្រោងនេះមានគន្លងនាវាចរណ៍ចំនួន២ ដែលអាចឱ្យនាវាចេញ-ចូល និងចៀសគ្នាបាន។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានគ្រោងចំណាយទុនវិនិយោគចំនួន ១,៧ ពាន់លានដុល្លារ ក្នុងទម្រង់វិនិយោគ BOT រួមគ្នារវាងក្រុមហ៊ុនខ្មែរ ដែលកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុនចិន CRBC ដែលកាន់កាប់ ៤៩% ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨៕
អត្ថបទ៖ ប៊ី












